(ម៉ុងត្រេអាល់, កាណាដា)៖ បេសកកម្មគោះទ្វារវិនិយោគនៅឯនាយសមុទ្រ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូ បានធ្វើដំណើរទៅដល់ប្រទេស​កាណាដា​ហើយ។ រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញ​ជួប​​ពិសារ​អាហារ​ថ្ងៃត្រង់ និងពិភាក្សា​ការ​ងារជាមួយលោក Laurent Ferreira ប្រធាន និងជានាយក​ប្រតិបត្តិ​នៃធនាគារ​ជាតិ​កា​ណាដា ដែលមានធនា​គារ ABA ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន កំពុងវិនិយោគនៅ​ក្នុង​ប្រទេសកម្ពុជា។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់ទៅវិញទៅមក​លើបរិយាកាសវិនិយោគ​នៅ​កម្ពុជា រួមមាន​ការលើកទឹកចិត្តវិនិយោគ ស្របតាមច្បាប់និងគតិយុត្តិពាក់ព័ន្ធរបស់កម្ពុជា ពិសេសក្នុងវិស័យ​ធនា​គារ-ហិរញ្ញវត្ថុ។ ជាក់ស្ដែងធនាគារជាតិកាណាដាផ្ទាល់កំពុងទទួលបាន​លទ្ធផលជាវិជ្ជមានក្នុងប្រតិបត្តិការ​វិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធគឺធនាគារ ABA។ ការវិនិយោគដោយផ្ទាល់របស់​ធនាគារ​ជាតិ​កាណាដាមក​កម្ពុជា មិនត្រឹមតែបានចូលរួមបង្កើនរំហូរទុនវិនិយោគឯកជនដោយផ្ទាល់ ជំរុញកំណើនសេដ្ឋកិច្ច​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏បានបង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោកបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោក Laurent Ferreira អំពីបច្ចុប្បន្នភាពនៃការ​វិនិ​យោគ​​ឯកជន​ក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានទទួល​គម្រោង​វិនិ​យោគ​សរុបចំនួន ៣៨១​គម្រោង មានការកើនឡើងចំនួន ១៦៨គម្រោង ធៀបនឹងនីតិកាលទី៦ ដែលនេះបង្ហាញអំពី​ទំនុក​ចិត្តរបស់​វិនិ​យោ​គិនមកកាន់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីបង្កើនជំនឿទុកចិត្តបន្ថែមមួយកម្រិតទៀតជូនដល់វិនិយោគិន ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា​កំពុងបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពាសពេញផ្ទៃប្រទេសទាំងផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក ប្រព័ន្ធភស្ដុភារកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធនានា​រួមទាំងការគិតគូរលើតម្លៃថាម​ពល​អគ្គិសនី ដើម្បីគាំទ្រដល់ការវិនិយោគឯកជន បង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋខ្មែរ៕