(ភ្នំពេញ)៖ នា​រសៀល​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២៤​ លោក​ឧត្តមសេនីយ៍ឯក​ ស៊ា​ង​ ធា​រិ​ទ្ធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​ក្រុមការងារ​ ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ (បសប.ហភ) តំណាង​នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ ​អញ្ជើញ​ជា​អធិបតី​

​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ «ការ​ពង្រឹង​ និង​លើកកម្ពស់​ជំនាញ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​»។

ពិធីនេះធ្វើឡើងនៅសាលប្រជុំនៃនាយកដ្ឋានអង្គរក្ស​ ដែលមានសិក្ខាកាម​ ជា​ស្នងការ​រង​ នាយការិយាល័យ​ និង​នាយ​រង​ការិយាល័យ​ ចំនួន​៤១រូប​ ដែល​អញ្ជើញ​មកពី​បណ្ដាស្នងការ​ដ្ឋាន​នគរបាលខេត្ត​ ចំនួន០៨ រួមមាន​៖​ ខេត្ត​ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ក្រចេះ កំពង់ចាម​ ត្បូងឃ្មុំ ស្វាយរៀង​ និងខេត្តព្រៃវែង​។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក​ ស៊ា​ង​ ធា​រិ​ទ្ធ​ បាន​លើកឡើងថា ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​ គឺ​ជាការងារ​ដែល​សំខាន់​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ជាសកល​ ដូច្នេះ​មន្ត្រី​ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្ដាល​នៅពេលនេះ ត្រូវចែក​រំលែក​នូវ​ចំណេះដឹង​ដែល​ទទួលបាន​ពីការ​បណ្ដុះបណ្ដាលនៅវគ្គនេះ​ ដល់​មន្រ្តី​ស៊េីបអង្កេតតាមការិយាល័យជំនាញក្នុងស្នងការដ្ឋានរបស់ខ្លួន​ ចាប់​ពី​ថ្នាក់​ស្នងការ​ដ្ឋាន​ រហូត​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ព្រមទាំង​ត្រូវ​បន្តការស្រាវជ្រាវ​ និង​ស្វែង​យល់​បន្ថែម​ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឱ្យទៅ​ជា​គ្រូឧទ្ទេស​ដែល​ប្រកបដោយចំណេះដឹង ជំនាញ និង​សមត្ថភាព​​​ ដេីម្បី​បន្ត​វេន​ក្នុង​កិច្ច​ការងារបណ្ដុះបណ្ដាលលេី​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញ​ប្បទាន​ភេរវកម្ម​ និង​ហិរញ្ញ​ប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហាប្រល័យ។

​លោក​បាន​បន្ត​ថា​​ លោក​ លោកស្រី​ ស្នងការ​រង​ នាយការិយាល័យ​ នាយ​រង​ការិយាល័យ​ ដែល​ទទួល​គុណសម្បត្តិ​​ជា​មន្ត្រី​បង្គោល​គឺ​ជា​ មន្រ្តី​ដែល​មាន​សក្ដានុពល​កិត្តិយស​ និង​ជំនាញ​លេី​ការ​ប្រឆាំង​ការសម្អាត​ប្រាក់​ តាមបណ្ដា​ស្នងការដ្ឋាន​របស់​ខ្លួន​៕