(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃ បានរួមចំណែកលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។
សម្តេចមហាបវរធិបតី បានគូសរំលេចបែបនេះ ក្នុងឱកាសសម្តេចអនុញ្ញាតឱ្យ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួបនោះ លោកស្រី ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានគោរពអបអរសាទរសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក និងបានគោរពរាយការណ៍ជូនសម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់សមាគម ដែលមានដូចជា៖ ការប្រមូលផ្ដុំចងក្រងសមាជិកសមាគម, ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានា និងការរៀបចំពិពរណ៍គ្រឿងអលង្ការប្រចាំឆ្នាំ។
ទន្ទឹមនេះលោកស្រីប្រធានសមាគម ក៏បានគោរពជម្រាបជូនសម្ដេចមហាបវរធិបតីថា សមាគមមានផែនការបង្កើតវិទ្យាស្ថានមួយដើម្បីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលជំនាញកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់សមាគម ក៏ដូចជាការចូលរួមចំណែករបស់សមាគមក្នុងការលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។
សម្ដេចមហាបវរធិបតីបានគូសបញ្ជាក់ទៀតថាសម្ដេចគាំទ្រគំនិតផ្តួចផ្តើមនៃការរៀបចំពិពរណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ២ដង ក្នុងមួយឆ្នាំ និងការបង្កើតវិទ្យាស្ថាន ដោយសម្ដេចបានណែនាំឱ្យសមាគមបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសហការររៀបចំសិក្សាបន្ថែមលើការរៀបចំឯកសារទស្សនាទាន និងផែនការសកម្មភាពនៃការបង្កើតវិទ្យាស្ថាននេះ។
សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យសមាគមជំរុញការផលិត កែច្នៃផលិតផលត្បូងក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស កសាងទំនុកចិត្ត និងការពារអ្នកប្រើប្រាស់ និងអាជីវករគ្រឿងអលង្ការ និងត្បូងមានតម្លៃ៕