(កំពង់ធំ)៖ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យ វាយតម្លៃលើការងារថែទាំប្រចាំផ្លូវក្រាលល្បាយគ្រួសចំនួន ១៣ខ្សែ ប្រវែងសរុប ១១៣ ៩៥០ម៉ែត្រ ទទឹងខ្នងលើ ៤៥ម៉ែត្រ ៥ម៉ែត្រ និង ៦ម៉ែត្រ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ប្រើប្រាស់ថវិកាជំពូក៦១ គម្រោងលេខ RM-2024-No ។

នាឱកាសនោះលោក ផូ ផារិទ្ធ បានណែនាំដល់មន្ត្រីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់ថែទាំផ្លូវទាំងអស់នេះ ជាប្រចាំឲ្យបានល្អ ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជាមួយក្នុងការចុះពិនិត្យលោកបានជួបជាមួយនឹងប្រជាពលរដ្ឋ និងអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាផ្លូវទាំងអស់នោះព្រោះថាមិនមែនជារបស់យើងតែម្នាក់នោះទេឬក៏ជារបស់ក្រសួងអភិវឌ្ឍន៍ជនបទឬរបស់មន្ទីអភិវឌ្ឍន៍ជនបទឬក៏ជារបស់ស្រុក ខេត្តនោះទេ និងសូមឱ្យអ្នកបើកបរកុំដឹកលើសទម្ងន់ផ្ទុក ។

លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទស្ដីទីបានឲ្យដឹងថា ផ្លូវ១៣ខ្សែក្នុងខេត្តកំពង់ធំ ស្ថិតនៅឃុំតាំងក្រសាំង ឃុំទីពោ ឃុំត្បូងក្រពើ ស្រុកសន្ទុក ឃុំស្រើង ឃុំគោល ឃុំតាំងក្រសៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ឃុំក្រយា ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ឃុំសាន់គរ  ឃុំកំពង់ស្វាយ ឃុំក្តីដូង ឃុំត្រពាំងឫស្សី និងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រវែងសរុប ១១៣ ៩៥០ម៉ែត្រ ទទឹងខ្នងលើ ៤៥ម៉ែត្រ ៥ម៉ែត្រ និង ៦ម៉ែត្រ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ប្រើប្រាស់ថវិកាជំពូក ៦១ គម្រោងលេខ RM-2024-No៕