(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តសមាគមសម្ព័ន្ធខ្មែរ-ចិន​នៅ​កម្ពុជា ពិនិត្យលទ្ធភាពវិនិយោគនៅតាមខេត្តជាប់ព្រំដែន ជាពិសេសខេត្តភាគឦសាន ដើម្បីចូលរួមចំណែកកិច្ច​អភិវឌ្ឍន៍​ជាមួយរាជរដ្ឋាភិបាល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយគណៈប្រតិ​ភូ​សមា​គមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នៅវិមានសន្ដិភាព នារសៀលថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះ សម្ដេចមហាបវរធិបតី បានថ្លែងអំណរគុណចំពោះសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលបានចូល​រួម​បរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលជាការគាំទ្រដល់រាជរដ្ឋាភិបាល​ក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ​ ក៏ដូចជាការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន។

សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ជូនគណៈប្រតិភូសមាគមថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុក​ដាក់​លើការអភិវឌ្ឍខេត្តតាមព្រំដែន។ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាល​ទី៧​នៃរដ្ឋសភា នឹងបន្តអភិវឌ្ឍបន្ថែមទៀត ដោយផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ពាប់ និងផ្លូវ​ក្រវាត់​ព្រំដែន, ការដាក់ចេញនូវកម្មវិធីផ្តល់ដីសង្គមកិច្ចដល់ប្រជាជនដែលខ្វះដី​ពិត​ប្រាកដ តាមរយៈកម្មវិធីផ្ដល់ដី​ ការពារព្រៃ​ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ដេីម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន និងការបន្តចរចាជាមួយប្រទេសជិតខាងលើកិច្ចការបោះបង្គោលព្រំដែន។

ទន្ទឹមនេះ សម្ដេចមហាបវរធិបតី ក៏បានអរគុណចំពោះវិស័យឯកជន ក៏ដូចជា ​សមាគមសម្ព័ន្ធ​ខ្មែរ-ចិននៅកម្ពុជា​ ដែលតែងជឿជាក់​ និង​មានទំនុកចិត្ត​ បោះទុនវិនិយោគនៅកម្ពុជា ​ចូលរួមចំណែកដល់ការអភិវឌ្ឍ​សង្គម-សេ​ដ្ឋ​កិច្ច​កម្ពុជា។

សម្តេច​មហាបវរធិបតី ​ក៏បានគូសបញ្ជាក់ថា វិស័យឯកជនជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និង ការបង្កើតការងារ​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តរក្សានូវសន្ដិភាព, ស្ថិរភាពនយោបាយ និងការបង្កើតនូវបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ និងអំណោយផល សម្រាប់វិនិយោគិន៕