(ភ្នំពេញ)៖ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham)និង សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) បានថ្លែងអំណរគុណចំពោះ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញចូលក្នុងវេទិកាពន្ធដារ ២០២៤ (Tax Forum 2024) កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។
តាមរយៈសុន្ទរកថាបើករបស់លោក គង់ វិបុលបានធ្វើឱ្យអង្គវេទិកាទាំងមូលមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះកំណែទម្រង់ស៊ីជម្រៅ និងទំនើបកម្មឥតឈប់ឈររបស់អគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជាការរៀបចំបែបបទនីតិវិធីនៃការធ្វើសវនកម្មពន្ធដារប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងងាយស្រួលក្នុងការអនុវត្តទាំងអ្នកជាប់ពន្ធ និងមន្ត្រីពន្ធដារ។
EuroCham និង AmCham បានលើកឡើងថា «យើងខ្ញុំសូមកោតសរសើរយ៉ាងក្រៃលែងចំពោះឆន្ទៈដ៏មោះមុតរបស់លោកក្នុងការជួយជ្រោមជ្រែងដល់អ្នកជាប់ពន្ធអនុវត្តកាតព្វកកិច្ចសារពើពន្ធ សំដៅចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន»។
សូមបញ្ជាក់ផងដែរថា ក្នុងវេទិកានេះ មានអ្នកចូលរួមប្រមាណ ២៥០នាក់ ដែលសបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ និងចូលរួមចំណែកលើកកម្ពស់និងពង្រឹងអនុលោមភាពសារពើពន្ធ និងវប្បធម៌បង់៕