(កំពង់ចាម)៖ ក្រសួងធម្មការ និងសាសនា សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលា ស្តីអំពី «ការលើកកម្ពស់សុខដុមនីយកម្មសាសនាក្នុងសង្គម» ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធីពិសេសនៃកិច្ចសហប្រតិបត្តិការ ទន្លេមេគង្គ-ឡានឆាង។

សសសិក្ខាមានអញ្ជេីញចូលរួមពីសំណាក់លោក ឃី រតនៈ អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងរបស់ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រះវត្តមាន និងវត្តមានព្រះធម្មសាលវង្ស សា វីរៈ ព្រះវិន័យធរគុណខេត្តកំពង់ចាម និងជាព្រះគ្រូអនុគុណក្រុងកំពង់ចាម តំណាងរបស់ព្រះនាគមុនី ប៊ត តាំងឆេង ព្រះមេគុណខេត្តកំពង់ចាម និងលោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ជាគណៈអធិបតី ព្រមទាំងមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ និងពុទ្ធសាសនិក ឥស្លាមសាសនិក និងគ្រឹស្ទសាសនិក និងយុវជនជាច្រេីន។

ក្នុងឱកាសនោះ លោក ឃី រតនៈ បានថ្លែងថា ប្រធានបទ «ការលើកកម្ពស់សុខដុមនីយកម្មសាសនាក្នុងសង្គម» ពិតជាប្រធានបទពាក់ព័ន្ធដ៏សំខាន់ ដើម្បីបញ្ជ្រាបការយល់ដឹងពីគ្នាទៅវិញទៅមក ការយោគយល់ កិច្ចសហប្រតិបត្តិការល្អ និងការរួមរស់ប្រកបដោយសន្តិសហវិជ្ជមានក្នុងចំណោមថ្នាក់ដឹកនាំ សាសនិកពីគ្រប់សាសនានៅកម្ពុជា សំដៅចូលរួមថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបានបន្តថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចង្អុលបង្ហាញយ៉ាងច្បាស់ដល់ក្រសួងធម្មការនិងសាសនា ស្តីពីការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនា មានជាអាទិ៍៖ គោរពសេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរព ប្រតិបត្តិសាសនាផ្សេងៗទៀត និងពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនា និងបន្តពង្រឹង និងពង្រីកការអប់រំពុទ្ធិកសិក្សាពីកម្រិតបឋម ដល់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។

លោកអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យអង្គសិក្ខាសាលា ពិភាក្សាគ្នាឱ្យបានផុលផុសកប្រកប ដោយស្មារតីសាមគ្កីភាព ភារតភាព និងការគោរពរាប់ស្មោះត្រង់ ដើម្បីធានាថាអង្គសិក្ខាសាលាសម្រេចបានតាមគោលបំណង រំពឹងទុកស្របតាមគោលនយោបាយនៃការថែរក្សាសុខដុមនីយកម្មសាសនា របស់ក្រសួងធម្មការនិងសាសនា។

យោងតាមរបាយការណ៍ លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ ថា សមិទ្ធផលនៃវិស័យធម្មការនិងសាសនានៅខេត្តកំពង់ចាម មានសាសនាចំនួន៤ កំពុងប្រតិបត្តិ គឺព្រះពុទ្ធសាសនា, ឥស្លាមសាសនា, គ្រិស្តសាសនា និងព្រះពុទ្ធសាសនាមហាយាន។ ទោះបីជាខេត្តកំពង់ចាមសាសនាច្រើនក៏ដោយ តែជម្លោះអន្តរសាសនា ពុំដែលកើតមានឡើយ។ មិនតែប៉ុណ្ណោះ ថែមទាំងមិនប្រកាន់ រើសអើងគ្នា និងបានជួយគ្នាទៅវិញក្នុងកិច្ចការមនុស្សធម៌ទៀតផង៕