(ភ្នំពេញ)៖ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា ជាពុទ្ធសាសនិកជន ចូលរួមពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជាប្រពៃណីជាតិខ្មែរ នៃវេនទី១១ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បញ្ជាការដ្ឋានអង្គរក្ស បានប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធដល់អតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្ម និងទទួលមរណភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន នាពេលកន្លងមកនេះ។

ពិធីនេះបានប្រារព្ធធ្វើឡើង តមបែបពិធីការវន្ទនាកិច្ចរបស់កងទ័ព និងទំនៀមទម្លាប់ប្រពៃណីបែបពុទ្ធសាសនា ដោយមានវត្តមានអញ្ជើញជាអធិបតីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី រួមជាមួយមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ ក្នុងបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀត។

បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់កងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានចូលរួមបំពេញតួនាទី ភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការពារជាតិមាតុភូមិ ការពារប្រជាជន ការកសាង និងអភិវឌ្ឍន៍ជាតិ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាព ថ្នាក់ដឹកនាំសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រមុខរាជរដ្ឋាភិបាល, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ និងការចូលរួមការងារសង្គមកិច្ចជាច្រើនទៀត។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា ជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ បញ្ជាការដ្ឋានអង្គរក្សតែងបានរៀបចំនូវពិធីនេះឡើង នៅក្នុងឱកាសបុណ្យប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណង ដើម្បីឱ្យនាយទាហាន ពលទាហាន បានចូលរួមធ្វើបុណ្យទាន ឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧប្បជាយាចារ្យ និងញាត្តិការ ទាំង ៧សណ្តាន ជាពិសេសជូននាយទាហាន និងពលទាហាន ដែលបានបូជាសាច់ ស្រស់ឈាមស្រស់ នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ ហើយបានមកទទួលនូវមនុញផល និងបានទៅសោយសុខ ក្នុងទីឋានសុគតិភព។

នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំង នាយទាហាន និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស បាននិមន្តព្រះសង្ឃ ចំនួន៨០អង្គ ដែលនិមន្តមកពីវត្តចំនួន០៥វត្ត នៅក្នងក្រុងតាខ្មៅ ខេត្តកណ្កាល, វត្តប្រជុំនទី(ក្រពើហា), វត្តព្រែកសំរោង, វត្តកណ្ធារាម(តាខ្មៅ), វត្តខ្ពបអណ្តែត (ក្របៅ) និងពុទ្ធអណ្តែត (ព្រែកហូរ) ដើម្បីសូត្រមន្តរាប់បាត វេរប្រគេន ទ័យ្យទាន មានគ្រឿងឧបភោគ និងគ្រឿបរិភោគ រួមនឹងបច្ច័យជាច្រើនទៅដល់ព្រះសង្ឃ ស្របតាមគន្លងប្រពៃណីសាសនា នៅក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១១នេះ។

នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្សទាំងអស់ ប្តេជ្ញាការពារ ជាតិ សាសនាព្រះមហាក្សត្រ សុខសន្តិភាព និងការពារសុវត្ថិភាព សម្តេចសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកបណ្ឌិតជំទាវ នៅគ្រប់អាណត្តិតរៀងទៅ៕