(ភ្នំពេញ)៖ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចូលរួមសិក្ខាលាលាថ្នាក់ជាតិដើម្បីអបអរសាទរ «ទិវាសិទ្ធិទទួលព័ត៌មានសកល» ដែលរៀបចំដោយអង្គការសង្គមស៊ីវិល (ក្រុមការងារសិទ្ធិទទួលព័ត៌មាន A2IWG) រួមជាមួយបណ្តាសមាជិកនៃបណ្តាញអង្គការសង្គមស៊ីវីល មកពីរាជធានីភ្នំពេញ និងខេត្តនានា អង្គការសមាគមន៍មូលដ្ឋាន យុវជន និងស្ថាប័នពាក់ព័ន្ធនៃជួររាជរដ្ឋាភិបាល ក៏ដូចជាដៃគូអភិវឌ្ឍន៍ផងដែរ។

ថ្លែងបិទសិក្ខាសាលា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់វេ (Sunway Hotel) លោក ព្រាប កុល បានបញ្ជាក់ការគាំទ្រចំពោះច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលរាជរដ្ឋាភិបាលកម្ពុជានាអាណត្តិមុនបានព្រាង ដោយឆ្លងកាត់ការពិភាក្សាយ៉ាងផុសផុល ដើម្បីប្រមូលធាតុចូលពីសំណាក់ស្ថានប័នជាតិ និងអន្តរជាតិ ជាពិេសសអង្គការសង្គមស៊ីវិល។ល។

លោកក៏បានលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ ឱ្យបន្តការពិភាក្សា និងបន្តនីតិវិធីទៅមុខ ហើយអង្គសិក្ខាសាលា បានសង្ឃឹមថាច្បាប់នេះអាចនឹងត្រូវបានអនុមត័ក្នុងអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងដោយអនុវត្តតាមការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។

សូមជម្រាបថា សិទ្ធិទទួលព័ត៌មាន គឺជាខ្សែបន្ទាត់នៃសេរីភាពនៃការបញ្ចេញមតិ និងជាសិទ្ធិមនុស្សជាមូលដ្ឋានដែល ជះ ឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនិងសមត្ថភាពរបស់ពួកគាត់ក្នុងការចូលរួមយ៉ាងពេញលេញក្នុង ជីវិត ពលរដ្ឋ។ ប្រជាពលរដ្ឋអាចផ្តល់ព័ត៌មានរិះគន់បែបស្ថាបនា ក្នុងការការពារសិទ្ធិរបស់ពួកគាត់ និងឱ្យ រដ្ឋាភិបាលមានគណនេយ្យភាព។ យ៉ាងណា ក៏ដោយប្រជាពលរដ្ឋកម្ពុជា បច្ចុប្បន្ន មិនសូវមានព័ត៌មាន ដែលពួកគាត់ត្រូវការ ដើម្បីបំពេញនូវចន្លោះខ្វះខាតសិទ្ធិ និងការទទួលបានសេវា ដែលពួកគាត់មាន សិទ្ធិទទួលបាននោះទេ។

សិទ្ធិទទួលព័ត៌មានដែលគ្រប់គ្រងដោយស្ថាប័នសាធារណៈ (ដែលហៅថាជា សេរីភាពនៃព័ត៌មាន ឬ សិទ្ធិទទួលព័ត៌មាន) ត្រូវបានទទួលស្គាល់នៅក្នុងច្បាប់អន្តរជាតិថាជាសិទ្ធិមនុស្សជាមូលដ្ឋាន។ ទោះបីជាមិន មានសិទ្ធិទទួលព័ត៌មានដែលត្រូវបានរាយបញ្ជី ជាពិសេសនៅក្នុងឧបករណ៍សិទ្ធិមនុស្សដំបូងបំផុតក៏ដោយ ឥឡូវនេះ សិទ្ធិនេះត្រូវបានទទួលស្គាល់ជាទូទៅថា ជាផ្នែកនៃសិទ្ធិជាមូលដ្ឋាននៃសេរីភាពនៃការបញ្ចេញមតិ ដែលរួមមានសិទ្ធិក្នុងការស្វែងរកទទួល និងផ្សព្វផ្សាយព័ត៌មាន។ សិទ្ធិទទួលព័ត៌មាន (ត្រូវបានគេស្គាល់ថាជា ច្បាប់សិទ្ធិទទួលព័ត៌មាន) ឥឡូវនេះត្រូវបានអនុម័តជាច្បាប់ ឬគោលនយោបាយជាង ១២០ ប្រទេស។ ដោយ ទទួលស្គាល់ពីសារៈសំខាន់នៃសិទ្ធិទទួលព័ត៌មាន មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៤ (ខែតុលាឆ្នាំ២០១៩) បានប្រកាសយកថ្ងៃទី ២៨ ខែកញ្ញា ជាទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មាន (IDUAI)។

នៅកម្ពុជា សមាជិកអង្គការសង្គមស៊ីវិលនៃក្រុមការងារសិទ្ធិទទួលព័ត៌មាន(A2IWG) បានធ្វើការ និង តស៊ូមតិផ្ដល់ធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានជារៀងរាល់ឆ្នាំ អស់រយៈពេលមួយទសវត្សរ៍ ចុងក្រោយនេះហើយបានស្នើសុំឱ្យរដ្ឋាភិបាលបញ្ចេញព័ត៌មានជាសាធារណៈ។ អង្គការសង្គមស៊ីវិល (A2IWG) បានផ្តល់ធាតុចូល/អនុសាសន៍ ចំពោះសេចក្តីព្រាងច្បាប់/គោលនយោបាយថ្មីៗ ដើម្បីធានាបាននូវគោលការណ៍ បង្ហាញព័ត៌មានអតិបរមា និងការចូលរួមជាសាធារណៈ។ នៅឆ្នាំ២០២០ ក្រសួងព័ត៌មានបានបញ្ចប់សេចក្តី ព្រាង ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន (A2I) ហើយបានបញ្ជូនទៅក្រុមការងារផ្នែកច្បាប់បច្ចេកទេសផ្ទៃ ក្នុងនៃទីស្តីការ គណៈរដ្ឋមន្ត្រី ដើម្បីពិគ្រោះយោបល់ជាមួយក្រសួងពាក់ព័ន្ធ។

បន្ទាប់មកនៅឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មុន បានប្តេជ្ញាអនុម័តច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននៅឆ្នាំ ២០២៤ ឬ ២០២៥។ បច្ចុប្បន្ន ក្នុង អាណត្តិទី៧ របស់រដ្ឋាភិបាល ក្រសួងព័ត៌មានបានចេញផ្សាយយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ ដល់ ២០២៨ រួមទាំងការសម្រេចចិត្ត ឆ្ពោះទៅមុខជាមួយនឹងសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន។ នេះគឺជា ពេល វេលាដ៏សំខាន់មួយដើម្បីបន្តយុទ្ធនាការរបស់ក្រុមការងារសិទ្ធិទទួលព័ត៌មាន (A2IWG) ដើម្បីលើកកម្ពស់ ការ អនុម័តសេចក្តីព្រាងច្បាប់ (A2I) និងយុទ្ធសាស្ត្រសម្រាប់ការអនុវត្តច្បាប់នេះ។

អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) បានដឹកនាំក្រុមការងារសិទ្ធិទទួលព័ត៌មាន (A2IWG) ដើម្បីបង្កើត និងបញ្ជូនរបាយការណ៍ត្រួតពិនិត្យជាសកលលើកដំបូង (UPR) ស្តីពីសិទ្ធិ ទទួល ព័ត៌មាន នៅកម្ពុជា ទៅកាន់ទីស្នាក់ការកណ្តាលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ របាយការណ៍UPR បាន សង្ខេប ជូនដៃគូអភិវឌ្ឍន៍ (EU, USAID, Germany-GIZ, Switzerland-SDC, UK Embassy, UNOCHR)។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងឱ្យរដ្ឋាភិបាលឆ្លើយតបនឹងរបាយការណ៍ UPR កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានត្រូវបានក្រសួងយុត្តិធម៌បញ្ជូនទៅកាន់ ទីស្តី ការគណៈរដ្ឋមន្ត្រីរួចហើយ។

អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ជាមួយក្រុមការងារ (A2IWG) នឹងសហការ រៀបចំសិក្ខាសាលាថ្នាក់ជាតិជាមួយរដ្ឋាភិបាល ដើម្បីអបអរសាទរទិវាអន្តរជាតិសម្រាប់ការទទួលបានព័ត៌មាន នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយនឹងការផ្តល់មូលនិធិដោយ DFAT តាមរយៈTetra Tech, USAID (តាមរយៈ TIC), SIDA (តាមរយៈអង្គការ UNESCO),WWF, BfdW, និង DCA។ ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីគណៈអធិបតីនៃគណៈប្រតិភូជាន់ខ្ពស់នៃទីស្តីការក្រសួងរួមទាំងមន្ត្រីរាជការ និងក្រសួងពាក់ព័ន្ធ វិស័យឯកជន ក្រុមការងារ (A2I) និងតំណាងសហគមន៍ យុវជន អ្នកមានឥទ្ធិពល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ក្រុមងាយ រងគ្រោះ និងជនជាតិដើមភាគតិច។ល។

ទិវាសិទ្ធិដឹងអន្តរជាតិជាសកលស្ដីពីសិទ្ធិទទួលព័ត៌មាន ធ្វើឡើងក្រោមប្រធានបទ «ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានកំពុងជំរុញការវិនិយោគ និង កំណើនសេដ្ឋកិច្ចនៅកម្ពុជា» ដោយផ្តោតលើ៖

១៖ ធ្វើឱ្យដំណើរការឡើងវិញនូវសេចក្តីព្រាងច្បាប់ A2I និងមានឥទ្ធិពលលើអ្នកបង្កើត គោលនយោបាយ ដៃគូអភិវឌ្ឍន៍ (DPs) តួអង្គរដ្ឋាភិបាល គណបក្សនយោបាយ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ អង្គការ សង្គម ស៊ីវិល និងសហគមន៍ ដើម្បីជំរុញការអនុម័ត និងការអនុវត្តច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន (A2I)។

២៖ បង្កើនការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃសិទ្ធិទទួលព័ត៌មាន និងចូលរួមយុទ្ធនាការឱ្យមាន ការអនុម័ត ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន៕