(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ​ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតចូលរួមអបអរសាទរជូនដល់ លោក Shigeru Ishiba ដែលទើបជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់ជប៉ុន កាលពីពេលថ្មីៗនេះ។

តាមរយៈសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ឯកឧត្តម ជាទីគោរពរាប់អាន! ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរដោយក្តីសោមនស្សរីករាយ និងដោយស្មោះអស់ពីដួងចិត្តជូនចំពោះឯកឧត្តម ដែលបានជាប់ឆ្នោតជាប្រធានគណ
បក្សប្រជាធិបតេយ្យសេរី (LDP) កាលពីពេលថ្មីៗនេះ។

ជោគជ័យរបស់ឯកឧត្តម គឺជាសក្ខីភាពនៃសមត្ថភាពដឹកនាំពិសេស ជាពិសេសក្នុងពេលមានបញ្ហាប្រឈម និងការលះបង់ដ៏ធំធេងចំពោះមាតុភូមិ និងប្រជាជនរបស់ឯកឧត្តម។

ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម គណបក្សប្រជាធិបតេយ្យសេរី នឹងបន្តពង្រឹង រីកចម្រើនលូតលាស់ និងជម្នះរាល់បញ្ហាប្រឈម និងឧបសគ្គនានារបស់ប្រទេសជប៉ុន សម្រាប់ផលប្រយោជន៍របស់ប្រជាជនជប៉ុន។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាប្រវត្តិសាស្ត្រយូរអង្វែងរវាងប្រទេសយើងទាំងពីរ នឹងត្រូវបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀត ដោយផ្អែកលើស្មារតីនៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងប្រជាជាតិយើងទាំងពីរ និងតំបន់ ជាពិសេសតាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃគណបក្សយើងទាំងពីរ។

ជាមួយគ្នានេះដែរ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្នុងតួនាទីថ្មីជានាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម នឹងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់យើងលើគ្រប់វិស័យរវាងកម្ពុជានិងជប៉ុន។ ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម និងគណបក្សរបស់ ឯកឧត្តម ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេស និងគណបក្សយើងទាំងពីរដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រទេសយើងទាំងពីរ។

សូមឯកឧត្តម ទទួលនូវការគោរពរាប់អាន និងសព្ទសាធុការពរពីខ្ញុំ សូមឯកឧត្តមមានសុខភាព ល្អបរិបូរណ៍ សុភមង្គល និងជោគជ័យក្នុងភារកិច្ចដ៏ឧត្ដុង្គឧត្តមរបស់ឯកឧត្តម»៕