(ស្វាយរៀង)៖ ថ្លែងនៅក្នុងឱកាសបិណ្ឌទី១១ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជូនកាដូសាលារៀន១ខ្នង ស្មើនឹង១៨បន្ទប់ និងមានកម្ពស់ ៣ជាន់ ដែលចំណាយការសាងសង់ជិត២០ម៉ឺនដុល្លារ ដល់សាលាបឋមសិក្សាពោធិ៍ទន្ទឹម ស្ថិតនៅក្នុងឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្នុងឱកាសនាំទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃចំនួន៣វត្តរួមមាន៖ វត្តព្រៃធ្នង់ វត្តអង្គស្វាយ វត្តកក់ ស្ថិតក្នុងស្រុកស្វាយទាប នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤, នាយឧត្តមសេនីយ៍ សៅ សុខា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង ជូនដល់ប្រជាពលរដ្ឋក៏ដូចជាប្រជាពុទ្ធបរិស័ទទាំងអស់ ដែលបានមកកាន់បិណ្ឌវេនទី១១ ស្ថិតនៅក្នុងស្រុកស្វាយទាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលនេះផងដែរ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា គុណតម្លៃនៃសន្តិភាព មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខដុមនីយកម្មសាសនា និងការអភិវឌ្ឍ រីកចម្រើន ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

នាយឧត្តមសេនីយ៍ សៅ សុខា បានបន្តថា ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនិយមធ្វើតៗគ្នាតាំងពីបុរាណកាល ដូច្នេះហើយប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតកកេរដំណែលវប្បធម៌របស់ដូនតាខ្មែរឱ្យបានឋិតថេរគង់វង្ស តាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ឱ្យចេះទៅធ្វើបុណ្យទាននៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ។

នៅក្នុងឱកាសពិធីកាន់បិណ្ឌវេនទី១១នេះដែរ លោកនាយឧត្តមសេនីយ៍ សៅ សុខា និងក្រុមការងារទាំងអស់ ក៏បានបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ហើយក៏បានឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា និងជនរងគ្រោះដោយភាពអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍។

សូមជម្រាបថា ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃពិធីបុណ្យប្រពៃណី ជាតិខ្មែរ ហើយប្រជាពលរដ្ឋកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ដល់ថៃ្ងទី ១៥រោច ខែភទ្របទ មានរយៈពេល១៥ថៃ្ង ហើយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤ រោច ហៅថាជាពិធីបុណ្យកាន់បិណ្ឌ និងថៃ្ង១៥រោច ជាពិធីបុណ្យភ្ជុំបិណ្ឌ៕