(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ទិវាសម្អាតនិងថែរក្សាបរិស្ថាន ឬ Earth Warriors Day (EWD) 2024 នៅកម្ពុជា ត្រូវបានសម្រេចទៅដោយជោគជ័យ ជាមួយលទ្ធផលគួរឱ្យកត់សម្គាល់ ក្រោមការរៀបចំរបស់ អង្គការសប្បុរសធម៌ ហ្គោលដិន និងកិច្ចសហការរបស់ក្រុមហ៊ុន ហ្វេកតូរី ភ្នំពេញ (Factory Phnom Penh), Urban Village, Urban Hub, ក្រុមហ៊ុនមូលបត្រ ភីភី លីង និងសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ រួមជាមួយការគាំទ្រ និងឧបត្ថម្ភពីក្រុមហ៊ុនជាច្រើន។

គោលបំណងសំខាន់នៃការបង្កើត «ទិវា EWD 2024» គឺដើម្បីជំរុញការយល់ដឹងអំពីបរិស្ថាន តាមរយៈបទពិសោធផ្ទាល់ កិច្ចសហការ និងការពង្រឹងទំនាក់ទំនងរវាងមិត្តភក្តិ និងក្រុមគ្រួសារ ក៏ដូចជាការលើកកម្ពស់របៀបរស់នៅដែលមានផាសុកភាព។

គួរបញ្ជាក់ផងដែរថា «ទិវា EWD 2024» ត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសចំនួន១៣ ក្នុងពេលដំណាលគ្នា។ សម្រាប់ទីតាំងនៅកម្ពុជា ទិវានេះត្រូវបានរៀបចំឡើងនៅ ហ្វេកតូរី ភ្នំពេញ។ បន្ថែមពីនេះ ក្រោមការផ្ដួចផ្ដើមនិងរៀបចំរបស់ អង្គការ សប្បុរសធម៌ ហ្គោលដិន សាលាបឋមសិក្សាចំនួន៥ ក៏បានចូលរួមប្រារព្ធទិវានេះនៅទីតាំងរៀងៗខ្លួនផងដែរ ស្របពេលដែលសាកលវិទ្យាល័យធនធានមនុស្ស និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានចូលរួមនៅហ្វេកតូរី ភ្នំពេញ ដោយផ្ទាល់។

ជាលទ្ធផល «ទិវា EWD 2024» នៅកម្ពុជា បានបញ្ចប់ដោយផ្លែផ្លា បានប្រមូលសំរាមប្រហែល ៤៩៤៥គីឡូក្រាម ពីគ្រប់ទីតាំងទាំងអស់បញ្ចូលគ្នា។

លោក Vic ដែលជាសហស្ថាបនិក អង្គការ សប្បុរសធម៌ ហ្គោលដិន បានថ្លែងថា៖ «ជាការពិតណាស់ ការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងនិរន្តរភាពនៃភពផែនដី គឺជាហេតុផលចម្បងដែលយើងប្តេជ្ញាធ្វើឱ្យព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកើតឡើងពីចំណុចសូន្យមក។ យើងមានការរំភើបចិត្តជាខ្លាំង ដោយបានឃើញការចូលរួមយ៉ាងច្រើនកុះករពីសាធារណជន ជាពិសេសសិស្សានុសិស្សដែលជាអនាគតមនុស្សជាតិដ៏បរិសុទ្ធរបស់យើង»

ខណៈពេលដែលព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃស្មារតីរួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកអនាម័យ «ទិវា EWD 2024» នៅកម្ពុជា គឺជាជោគជ័យដ៏ធំធេងមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចំពោះការគ្រប់គ្រងបរិស្ថាន និងចលនាពិភពលោកឆ្ពោះទៅអនាគតរួមគ្នាប្រកបដោយចីរភាព។

បន្ថែមពីនេះ លោកស្រី Catherine Chan ស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុន Urban Village និងហ្វេកតូរី ភ្នំពេញ លោក ជា សុធា អគ្គនាយកនិងអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង និង អ្នកនាង ប៉ូ ស្រីគង់ ស្ថាបនិកនៃសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ បានបង្ហាញទស្សនៈ និងការលើកទឹកចិត្ដស្របគ្នា អំពីគុណតម្លៃនៃការអភិរក្សបរិស្ថាន សម្រាប់សុខុមាលភាពបុគ្គល និងជីវៈចម្រុះនៅលើភពផែនដី។

ជារួម ភាពជោគជ័យនៃ «ទិវា EWD 2024» នៅកម្ពុជា គឺជាសក្ខីភាពមួយនៃស្មារតីសហគមន៍ ដែលមានសកម្មភាពរួបរួមគ្នា ក្នុងការលើកកម្ពស់ស្តង់ដារបរិស្ថានស្អាត ហើយសមិទ្ធផលនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការនាំចេញនូវភាពវិជ្ជមានដល់បរិយាកាសរស់នៅរបស់យើងគ្រប់គ្នា៕