(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញកាន់វេនបិណ្យទី១១ នៅវត្តចំនួន២ក្នុងស្រុកទ្រាំង និងវត្តនៅក្នុងក្រុងដូនកែវ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ បានអំពានាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខសន្តិភាពដែលប្រទេសតែទទួលបានរយៈពេលជាង២០ឆ្នាំប៉ុណ្ណោះ។
អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ បានបន្តថា កត្តាសុខសន្តិភាពនេះដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ អាចធ្វើការអភិវឌ្ឍន៍ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ហើយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាមកធ្វើបុណ្យតាមវត្តអារាមយ៉ាងច្រើនកុះករ។
លោកបណ្ឌិត ស៊ូ ភិរិន្ទ បានថ្លែងបន្តថា ការអភិវឌ្ឍគ្រប់វិស័យរបស់ប្រទេសជាតិ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ក្រោមដំបូលសុខសន្តិភាព ដឹកនាំរាជរដ្ឋាភិបាលដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្ត្រី ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាព ឲ្យនៅស្ថិតស្ថេរយូរអង្វែង ដើម្បីបន្ដការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យតទៅមុខទៀត៕