(ភ្នំពេញ)៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានយាងក្នុងពិធីសំណេះសំណាល និងចែកជូននូវព្រះរាជអំណោយ ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាសង្ឃរាជ ប្រគេន និងជូនព្រះមន្រ្តីសង្ឃ គណៈគ្រប់គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ និងបុគ្គលិក នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងឱកាសនៃពិធីបុណ្យភ្ជំបិណ្ឌ។
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី មានព្រះរាជបន្ទូលថា ស្របតាមចក្ខុវិស័យវែងឆ្ងាយ ផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការអនុវត្តបេសកកម្ម ដែលប្រកបដោយថាមពល សាមគ្គីភាព ភាពឆ្នៃប្រឌិត ឆន្ទៈ មនសិការ សច្ចធម៌ គុណធម៌ និងសីលធម៌ ដែលឈរលើបាវចនា “មេត្តា សតិ និងបញ្ញា” ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា កំពុងតែមានកេរ្តិ៍ឈ្មោះបោះសំលេងទាំងក្នុងឆាកជាតិ និងអន្តរជាតិ ក្នុងការផ្តល់ការអប់រំដល់សមណនិស្សិត និស្សិត ឱ្យប្រកបដោយគុណវុឌ្ឍខ្ពស់ ក្លាយជាសរសេរទ្រូងដ៏រឹងមាំ បម្រើដល់ជាតិ សាសនា ព្រះមហាក្សត្រ មាតុភូមិដ៏ល្អផូរផង់ អារិយធម៌ដ៏រុងរឿង និងជាទឹកដីដ៏ត្រជាក់នៃកូនចៅខ្មែរទាំងអស់គ្នា។
ព្រះរាជអំណោយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានចែកប្រគេនព្រះមន្រ្តីសង្ឃ និងជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ និងបុគ្គលិកនៃពុទ្ធិកសាកលវិទ្យាល័យ សរុបចំនួន១៥០អង្គ/នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករចំនួន១ បាវ ស្មើ៥០ គីឡូក្រាម មីចំនួន ១កេស ទឹកបរិសុទ្ធ ចំនួន១កេស និងថវិកាចំនួន ៤ម៉ឺនរៀល។
ព្រះមន្រ្តីសង្ឃ គណៈគ្រប់គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ និងបុគ្គលិកនៃពុទ្ធិកសាកលវិទ្យាល័យ សូមសម្តែងនូវសេចក្តីរំភើបត្រេកអរ និងសូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជទាន ដ៏ឧត្តុងឧត្តមនេះ។ ដើម្បីថ្វាយតបទៅ និងព្រះករុណាទិគុណដ៏ធំធេងរបស់សម្តេចព្រះមហាសង្ឃរាជ និងជាព្រះសកលវិទ្យាធិការនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា កូនចៅសូមថ្វាយព្រះសព្ទសាធុការពរ ថ្វាយសម្តេចព្រះមហាសង្ឃ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គ បានប្រកបនូវព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពដ៏ល្អបរិបូរណ៏ និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅរបស់ព្រះអង្គជាដរាបតទៅ៕