(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានផ្តល់ចង្ក្រានគម្រោងព្រៃមាន់ ចូលរួមកាត់បន្ថយការបំពុលបរិស្ថានដល់ប្រជាពលរដ្ឋ៧០០គ្រួសារ នៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ជាអំណោយរបស់ក្រុមហ៊ុន ចិន Guangzhou Environmental Consulting Services ដែលមានមូលដ្ឋាននៅសាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) ដែលមានលោក សាខុន ប៉ូរិន ជាប្រធាន នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តក្រយា។
លោក ជា វ៉ាន់ចាន់ បានថ្លែងអំណរគុណក្រុមហ៊ុនចិន Guangzhou Environmental Consulting Services នៃសាធារណៈរដ្ឋប្រជាមានិតចិន និងបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) ដែលមានលោក សាខុន ប៉ូរិន ជាប្រធាន ដែលបានជួយឧបត្ថម្ភគាំទ្រ ក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងវិស័យបរិស្ថាននិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកបន្តថា «ក្រុមហ៊ុននេះគឺផ្តោតសំខាន់ទៅលើភាពបៃតងនៅលើផែនដី និងមានសកម្មភាពក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងចូលរួមការកាត់បន្ថយការបំភាយកាបូនចូលក្នុងបរិយាកាស។ ចង្ក្រាននេះត្រូវបានផលិតឡើងដោយសិប្បកម្មព្រៃមាន់ ដែលមានមូលដ្ឋាននៅខេត្តកំពង់ឆ្នាំង និងដែលមានកម្មករជាអ្នកពិការភាពមួយចំនួនផងដែរ។ ចង្ក្រាននេះមិនត្រឹមតែជួយលើកសម្រស់ផ្ទះបាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិ នៅក្នុងការកាត់បន្ថយការបំភាយកាបួនចូលទៅក្នុងបរិយាកាស ជំរុញបៃតងភាពជំវិញផ្ទះ និងសហគមន៍ឱ្យកាន់តែល្អប្រសើរថែមទៀតផង។
លោក សាខុន ប៉ូរិន ជាប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា បានបញ្ជាក់ថា បណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) បានចែកចង្ក្រានជូនដល់ប្រជាជនអស់ចំនួនជាង២៥០០០ចង្ក្រានរួចមកហើយ ក្នុងនោះមាន១២រាជធានី-ខេត្ត។
លោកបន្តថា ជំនួយចង្ក្រានព្រៃមាន់ គឺមានលក្ខណៈបច្ចេកទេសក្នុងការកាត់បន្ថយដល់ការប្រើប្រាស់បរិមាណអុស និងការបំភាយកាបួនក្នុងកំរិតមួយទាបចូលទៅក្នុងបរិយាកាស។ ចង្ក្រាននេះក៏មានការពិសោធន៍ចេញពីវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជាផងដែរ ក្នុងការផលិតយ៉ាងណាឱ្យមានគុណភាព និងការបំភាយកាបួនក្នុងកំរិតទាប៕