(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល និងអ្នកនាង បូរិទ្ធិ ច័ន្ទវឌ្ឍនា ប្រធានក្រុមស្រ្តីដើម្បីវឌ្ឍនភាពសង្គម បន្តអំពាវនាវដល់យុវជនដែលចាញ់កល់នយោបាយជ្រុលនិយម មកចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសធ្វើកិច្ចការជួយសង្គមជាតិពិតប្រាកដ និងស្របច្បាប់។
ធ្លាប់ជាអតីតអ្នកប្រឆាំងរដ្ឋាភិបាល បច្ចុប្បន្នលោក ហេង សំណាង និងអ្នកនាង បូរិទ្ធិ ច័ន្ទវឌ្ឍនា បានងាកមកចូលរួមគាំទ្ររាជរដ្ឋាភិបាលវិញ ដោយមើលឃើញពីផលអវិជ្ជមានច្រើននៅក្នុងជួរនយោបាយជ្រុលនិយម ដែលមានដូចជាការចូលរួមធ្វើបាតុកម្ម ការចូលរួមការងារបរិស្ថានជាដើម។
ដើម្បីចូលរួមផ្ដល់ជាសក្ខីកម្ម និងបទពិសោធន៍កន្លងមក ប្រធានក្រុមយុវជនសង្គមស៊ីវិល លោក ហេង សំណាង បានឱ្យដឹងថា រាល់សកម្មភាពកន្លងមករបស់អតីតយុវជន អតីតសកម្មជន ឬក៏អ្នកដែលតាំងខ្លួនជាអ្នកស្រឡាញ់បរិស្ថាន ជាសកម្មជនបរិស្ថាន ក៏បង្គាប់នក្នុងន័យនយោបាយដែលធ្វើជាឈ្នានរបស់ជនបរទេស។
លោក បានបន្តថា កន្លងមកនេះ យុវជនដែលធ្វើជាសកម្មជនសង្គមក៏ដោយ សកម្មជនបរិស្ថានក៏ដោយ សិទ្ធិមនុស្សក៏ដោយ សុទ្ធតែកើតឡើងពីសេចក្ដីស្រឡាញ់ និងចង់ចូលរួមចំណែកជួយសង្គមជាតិ ប៉ុន្តែគាត់ពុំបានដឹងថា មានអ្នកនយោបាយនៅពីក្រោយរឿងទាំងនោះ ហើយបណ្ដុះមនោគមវិជ្ជាខ្មៅងងឹត ដើម្បីឱ្យពួកគាត់ចូលសោងនយោបាយជ្រុលនិយម ដែលធ្វើឱ្យពួកគាត់បាត់បង់នូវមានជាម្ចាស់ការលើខ្លួនឯង។ លោកបានបន្ថែមថា ហេតុដូច្នេះហើយ នៅពេលគាត់ចាប់ផ្ដើមធ្វើសកម្មភាពបន្តិចម្ដងៗ ក្រោមការញុះញង់របស់ក្រុមប្រឆាំងផង របស់ជនបរទេសផង ជាហេតុនាំឱ្យគាត់ក្លាយជាជនរងគ្រោះក្នុងរឿងនយោបាយ។
ជាមួយគ្នានេះ ប្រធានក្រុមស្រ្តីដើម្បីវឌ្ឍនភាពសង្គម អ្នកនាង បូរិទ្ធិ ច័ន្ទវឌ្ឍនា បានលើកឡើងថា ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ មិនថានៅក្នុងស្រុក ឬក្រៅស្រុក សុទ្ធតែមានទឹកចិត្តស្នេហាជាតិ ជាពិសេសគឹយុវជន។ ការដែលស្រឡាញ់សង្គមជាតិ មានទឹកចិត្តស្នេហាជាតិបែបនេះហើយ ទើបធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបានដើរលើមាគ៌ានយោបាយដែលគាំទ្រជាមួយរាជរដ្ឋាភិបាល ប៉ុន្តែអ្នកខ្លះដើរចុះដើរឡើង ចង់ចូលរួមជួយសង្គមជាតិ ប៉ុន្តែសេពគប់ជាមួយមនុស្សខុស។
អ្នកនាង បានបន្តថា ដូចកាលកន្លងមកដែលពួកយើងបានដើរ យើងនៅក្មេងមិនមានអ្នកជួយតម្រង់ទិស យើងមិនបានប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ ដោយមិនបានថ្លឹងថ្លែងពីទិដ្ឋភាពជាក់ស្ដែង និងការបំផ្លើសបំភ្លៃឱ្យបានល្អិតល្អន់ជាមុននោះទេ៕
សូមទស្សនាវីដេអូរបស់ លោក ហេង សំណាង និងអ្នកនាង បូរិទ្ធិ ច័ន្ទវឌ្ឍនា ដូចតទៅ៖