(ភ្នំពេញ)៖ លោកតា លោកអ៊ុំ លោកពូ សរុបចំនួន ៣១១នាក់ ទាំងចូលជាសមាជិកនៅក្នុងសមាគមមូលនិធិត្រីចក្រយានកម្ពុជា ហៅកាត់ថា «មូលនិធិស៊ីក្លូ» និងអ្នកមិនទាន់ចូលជាសមាជិក បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ពេលដែលទទួលបានឱកាសជួបសំណេះសំណាលដោយផ្ទាល់ ជាមួយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ពិធីសំណេះសំណាល និងចែកអំណោយដល់លោកតា លោកអ៊ុំ និងពូ ធាក់ស៊ីក្លូ បានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងសង្កាត់អូបែកក្អម រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
លោកតា ស សន អាយុ ៩១ឆ្នាំ មានស្រុកកំណើតនៅខេត្ដតាកែវ សព្វថ្ងៃប្រកបមុខរបរជាអ្នកធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ ដែលជាសមាជិកម្នាក់ក្នុងសមាគមមូលនិធិត្រីចក្រយានកម្ពុជា និងបានចូលរួមក្នុងពិធីសំណេះសំណាលខាងលើនេះ បានបង្ហាញនូវសេចក្ដីរំភើបសប្បាយរីករាយយ៉ាងខ្លាំង ដែលបានជួបផ្ទាល់ ជាមួយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ជាពិសេសទទួលបានការយកចិត្ដទុកដាក់ ខ្វល់ខ្វាយពីជីវភាពប្រចាំថ្ងៃ និងសុខភាពរបស់ពួកគាត់ ដោយមិនប្រកាន់វណ្ណៈ និងរើសអើងនោះឡើយ។
លោកតា អាយុ ៩១ឆ្នាំរូបនេះ ក៏បានថ្លែងឱ្យដឹងទៀតថា ការជួបជាមួយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាលើកទី១ហើយ សប្បាយចិត្ដណាស់។ កន្លងមកគឺធ្លាប់បានជួបតែ សម្ដេចតេជោ ហ៊ុនសែន។
«ខ្ញុំពិតជាសប្បាយចិត្ដណាស់ ហើយសង្ឃឹមថានឹងបានជួបលើកៗក្រោយៗទៀត»។
លោកតា ស សន បានឱ្យដឹងថា ថ្ងៃនេះទទួលបានអំណោយច្រើនណាស់ មានជាគ្រឿងឧបភោគ-បរិភោគ និងថវិកាចំនួន ៣០ម៉ឺនរៀលថែមទៀត ។ក្នុងឱកាសនោះ លោកតាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ដដ៏សប្បុរស ប្រកបដោយព្រហ្មវិហារធម៌ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។លើសពីនោះលោកតា ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុនសែន ដែលបានបង្កើតនូវសមាគមមូលនិធិត្រីចក្រយានកម្ពុជា ហៅកាត់ថា «មូលនិធិស៊ីក្លូ» ដែលបានជួយសម្រាលនូវការខ្វះខាត ក្នុងជីវិតភាពប្រចាំថ្ងៃ និងអត្ថប្រយោជន៍ជាច្រើនពីសមាគមមួយនេះ។
ចំណែកឯលោកតា ប្រាក់ ឆែម អាយុ ៨៧ឆ្នាំ មានស្រុកកំណើតនៅស្រុកអង្គរជ័យ ខេត្ដកំពត សព្វថ្ងៃប្រកបមុខរបរធាក់ស៊ីក្លូ នៅទីតាំងផ្សារកណ្ដាល ក៏បានរាប់រៀបស្រដៀងៗគ្នាថា «ខ្ញុំពិតសប្បាយចិត្ដណាស់ ថ្ងៃនេះបានជួបជាមួយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយផ្ទាល់ ហើយសង្ឃឹមថានឹងមានលើកក្រោយៗទៀត។
លោកតា ប្រាក់ ឆែម ក៏បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលដល់សម្ដេចតេជោ ហ៊ុនសែន ដែលបានបង្កើតសមាគមមូលនិធិត្រីចក្រយានកម្ពុជានេះឡើង ដែលបានជួយដល់តាៗធាក់ស៊ីក្លូ ដែលមានជីវភាពខ្វះខាត និងសូមថ្លែងអំណរគុណដល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអញ្ជើញចុះមកសួរសុខទុក្ខ លោកតាៗ លោកអ៊ុំ ធាក់ស៊ីក្លូទាំងអស់។
សូមជម្រាបថា នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣១១នាក់ ក្នុងរាជធានីភ្នំពេញ។
ក្នុងពិធីសំណេះសំណាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវការសប្បាយរីករាយ ដែលបានជួបជាមួយលោកតា លោកអ៊ុំ លោកពូ និងបងៗធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ហើយនេះក៏ជាលើកទី១ និងក្នុងឱកាសដាក់បិណ្ឌទី១១ផងដែរ ។ជាងនេះទៅទៀតជំនួបនេះ ក៏ជាផ្នែកមួយដើម្បីអបអរទិវាមនុស្សចាស់កម្ពុជា ១តុលាខាងមុខនេះ។
ក្នុងឱកាសសំណេះសំណាលនេះផងដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានពាំនាំនូវព្រះរាជបន្ទូល របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកជាពន់ពេក ដល់លោកតា លោកអ៊ុំ លោកពូ និងបងៗធាក់ស៊ីក្លូទាំងអស់។
ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្ដាំផ្ញើ ក៏ដូចជាសំណូមពរដល់លោកតា លោកអ៊ុំ លោកពូ និងបងៗទាំងអស់ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ត្រូវតែយកចិត្ដទុកដាក់លើសុខភាពជាចម្បង អ្វីដែលអាចការពារ ត្រូវតែការពារ ដូចជាការហូបស្អាត ដោយត្រូវពិសាទឹកដែលដាំឆ្អិន ដើម្បីចៀសវាងពីជំងឺនានាបង្កដោយទឹកមិនស្អាត និងការពារពីបញ្ហាអេដស៍ជាដើម។
សូមជម្រាបថា អំណោយកាកបាទក្រហមកម្ពុជា ដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានចែកជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្នុងម្នាក់ៗរួមមាន៖ បាយ ១ប្រអប់, បង្អែមនំចាក់ក្រចាន់ ១ប្រអប់, ផ្លែទំពាំងបាយជូ ១គីឡូក្រាម, ក្រូចឃ្វិច ១គីឡូក្រាម, ទឹកក្រូច ១ដប, ទឹកបរិសុទ្ធអារុណា ២ដប, អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ទឹកដោះគោខាប់ ៥កំប៉ុង, ភេសជ្ជៈបាកាស់ ៤កំប៉ុង, អាវយឺតដៃវែង ១, អាវអាចារ្យ ១, ខោជើងវែង ២, ស្បែកជើង ១គូ, អាវភ្លៀង ១ និងថវិកា ៣០ម៉ឺនរៀល។
គួររម្លឹកដែរថា សមាជិកសកម្មនៃមូលនិធិស៊ីក្លូចំនួន ២៩៤នាក់មានអាយុ ចាប់ពី៣០ឆ្នាំរហូតដល់អាយុ៨០ឆ្នាំឡើង។ ដោយក្នុងនោះ អាយុ ៨០ឆ្នាំឡើង មានចំនួន រហូតដល់ទៅ១២នាក់។ សមាជិកសកម្មរបស់មូលនិធិស៊ីក្លូ មានទីតាំងស្នាក់នៅមានចំនួន ០៩ទីតាំង ដែលស្នាក់នៅច្រើន រួមមាន៖ ផ្សារកណ្ដាល ផ្សារចាស់ រោងកុនអង្គរ ផ្ការាំទឹករាំ វត្ដឧណ្ណាលោម ម្ដុំហ្សាលឌីហ្គោល ផ្សារឌុយមិច វត្ដកោះ និងផ្សារធំថ្មី។
សម្រាប់សមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន និងត្រូវបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រកាសលេខ១៩០ ប្រក ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ដែលគិតមកទល់ពេលនេះ សមាគមមានអាយុកាលជិត ៦ឆ្នាំ ៩ខែកន្លងមកហើយ ក្នុងនោះ សមាគមបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានកិត្តិយសក្រុមប្រឹក្សាភិបាល ដោយមានក្រុមប្រឹក្សាភិបាល និងលេខាធិការដ្ឋានរបស់សមាគម ជាសេនាធិការទទួលបន្ទុកគ្រប់គ្រង និងដំណើរការមូលនិធិ ក្នុងន័យចូលរួមអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ឱ្យបានល្អប្រសើរ។
នៅពេលចាប់ផ្ដើមដំណើរការ សមាគម មានសមាជិកសកម្មដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូសរុប ចំនួន ៣២៣នាក់ ប៉ុន្តែនាពេលបច្ចុប្បន្ន សមាគម នៅសល់សមាជិកសកម្មត្រឹមតែ ២៩៤នាក់តែប៉ុណ្ណោះ មូលហេតុសមាជិកចំនួន២៩នាក់ បានទទួលមរណភាពដោយរោគាពាធ និងជរាពាធ។
ការបង្កើតសមាគមមូលនិធិត្រីចក្រយានកម្ពុជា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន គឺជាផ្នែកមួយដ៏សំខាន់ នៃការចូលរួមអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយៈការជួយសម្រាលទុក្ខលំបាក និងរួមចំណែកគិតគូរអំពីសុខភាព និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឱ្យទទួលបាន សេវាសង្គមកិច្ច សុខាភិបាល និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួមគ្នាអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕