(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារលោក ជុំ ឈាង ប្រធានគណៈបក្សសង្កាត់ និងលោក លោកស្រីក្នុងជួរគណ:កម្មាធិការបក្សសង្កាត់ ប្រធាន អនុប្រធានគណៈសាខាភូមិ ព្រមទាំងយុវជនសង្កាត់ បាននាំយកបច្ច័យ និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌរបស់ពុទ្ធបរិស័ទ្ធ នៅវត្តចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹសគឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី (ហៅវត្តគោករលួស)។
ជាមួយគ្នានោះលោក រ័ត្ន ស្រ៊ាង ក៏មានសទ្ធាបន្ថែមជូនថវិកាដល់លោកតា លោកយាយ ពុទ្ធបរិស័ទ និងកងកម្លាំងការពារសណ្តាប់ធ្នាប់ ព្រមទាំងយុវជន យុវនារី កុមារា កុមារី ដែលបានមកចូលរួមនៅទីនោះផងដែរ។
បន្ទាប់ពីបញ្ចប់កម្មវិធីបុណ្យលោក រ័ត្ន ស្រ៑ាង ក៏បានចុះត្រួតពិនិត្យកំណាត់ផ្លូវពី វត្តកែវមុនី ឆ្ពោះទៅព្រំប្រទល់រវាងសង្កាត់ព្រែកកំពឹស និងឃុំតាបែស ខេត្តកណ្តាល ដែលមានប្រវែង១,៦០០ម៉ែត្រ ត្រូវរងការខូចខាតដោយសារទឹកហូរច្រោះដាច់ជាច្រើនកន្លែង បណ្តាលឱ្យមានទឹកដក់ជ្រៅពិបាកក្នុងការធ្វើដំណើរ ដោយលោកបានសម្រេចដោះស្រាយជួសជុលផ្លូវដែលខូចខាត ដោយណែនាំឱ្យក្រុមការងារចាត់ចែងដឹកកំទេចថ្មមកចាក់បំពេញ កៀរកិនពង្រាបសម្រួលឱ្យប្រជាពលរដ្ឋ សិស្សានុសិស្សបានធ្វើដំណើរដោយសុវត្ថិភាពឡើងវិញ៕