(បាត់ដំបង)៖ លោក សុខ លូ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តនិងលោកស្រីម៉េត រ៉ាវីចិត្ត សុខលូ លោក អ៊ុយ រី សមាជិកគណ:កម្មាធិការកណ្តាលគណបក្ស
ប្រជាជនកម្ពុជានិងជា អនុប្រធានប្រចាំការ គណ:អចិន្រ្តៃយ៍បក្សខេត្ត នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសមាជិក សមាជិកាបក្សខេត្តបាដំបង បានយកបច្ច័យ វេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តដំរីស ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នាឱកាសនោះ លោក សុខ លូ បានបញ្ជាក់ថា បុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លា ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៣នេះ ដែលជារៀងរាល់ឆ្នាំ សាសនិកជនទាំងអស់ ដែលកាន់ ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិ នូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់ តាំងពីបុរាណ ដែលមានរយ:ពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេស ដែលចាប់ផ្តើមពីថ្ងៃទី០១ រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤ រោច និងថ្ងៃ១៥ រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំតែម្តង។
លោក ប្រធានគណបក្សបក្សខេត្តបាត់ដំបង បានថ្លែងអំណរគុណលោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សខេត្ត គ្រប់ជាប់លំដាប់ថ្នាក់ ក្នុងខេត្តបាត់ដំបង ដែលបានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេន ទី១២ នៅវត្តគរ ព្រមទាំងគណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានខិតខំប្រឹងប្រែងលះបង់ធនធាន ផ្ទាល់ខ្លួនចូលរួមក្នុងវេណកាន់បិណ្ឌទី១២ ដើម្បីប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ និងដើម្បីកសាងនូវសមិទ្ធផលក្នុងវត្តជាប្រយោជន៍ ទ្រទ្រង់ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ សម្រាប់កូនចៅជំនាន់ក្រោយៗទៀតគោរពប្រណិបត្តិតាម។
លោកបន្តថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលបានប្រគេនជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញាណក្ខន្ឌ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងប្រាំពីរសន្តាន និង សមាជិក សមាជិការបក្ស យុទ្ធជន ពលី ដើម្បីរំដោះជាតិមាតុភូមិ ដែលបានចែកឋានទៅកាន់លោកខាងមុខសូមបានសោយសុខក្នុងឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ នឹងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតមកពីបុណ្យកាន់បិណ្ឌទី១២នេះ សូមឲ្យទទួលបានកុសលផលបុណ្យស្មើៗគ្នា។
លោក សុខ លូ និងលោកស្រី លោក អ៊ុយ រី បាននាំយកទេយ្យទាន, ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដែលបានពីការចូលរួមដ៏សទ្ធាជ្រះថ្លា របស់អស់លោក-លោកស្រី សមាជិក សមាជិការបក្ស និងសប្បុរសជនមួយចំនួន ដើម្បីវេរប្រគេនព្រះសង្ឃនៅវត្តដំរីស ដើម្បីទុកសំរាប់ប្រើប្រាស់ ទៅតាមតម្រូវការរបស់វត្តផងដែរ៕