(ចិន)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ សិល្បករ-សិល្បការីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងប្រតិបត្តិការទេសចរណ៍ ចូលរួមពិព័រណ៍ទេសចរណ៍អាស៊ាន-ចិនលើកទី១០ ក្រោមប្រធានបទ «សមាហរណកម្មស៊ីជម្រៅនៃវប្បធម៌ និងទេសចរណ៍៖ រួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងគួយលីន តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក កាន លីន (Gan Lin) ប្រធានលេខាធិការបក្សមន្ទីរវប្បធម៌និងទេសចរណ៍ នៃតំបន់ស្វយ័តក្វាងស៊ី (Guangxi Zhuang) និងសហការី ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានសមាគមទេសចរណ៍និងវប្បធម៌ក្វាងស៊ី និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគទេសចរណ៍ Guilin Shenghui Group និងនាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Guilin Tianyuan ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោករដ្ឋមន្រ្តី មកចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន (China-ASEAN EXPO Tourism Exhibition) លើកទី១០ នៅទីក្រុងគួយលីន (Guilin) តំបន់ស្វយ័តក្វាងស៊ី (Guangxi) សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបពិភាក្សានេះគឺផ្តោតជាសំខាន់ទៅលើការជំរុញការផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយនៅទីក្រុងគួយលីន និងតំបន់ដទៃទៀតនៃខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីកៀរគរទេសចរចិនមកកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏ស្នើឱ្យមានការទប់ស្កាត់ការផ្សាយព័ត៌មានមិនពិត ឬអវិជ្ជមានពីកម្ពុជានៅក្នុងសហគមន៍ចិនផងដែរ។ បន្ថែមលើនេះ ភាគីកម្ពុជាស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ភាគីចិនលើកិច្ចសហប្រតិបត្តិការលើប្រព័ន្ធ Smart Tourism Platform ដែលនឹងតភ្ជាប់ជាមួយប្រទេសអាស៊ាន ដើម្បីសម្រួលការផ្តល់ព័ត៌មានដល់ទេសចរឱ្យបានកាន់តែប្រសើរ។
សម្រាប់ឆ្នាំ២០២៤ ដែលជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ភាគីទាំងពីរមានជំនឿយ៉ាងមុតមាំក្នុងការជំរុញទេសចរបន្ថែមទៀតរវាងខេត្តក្វាងស៊ី ប្រទេសចិន និងប្រទេសកម្ពុជា ជាពិសេសការលើកទឹកចិត្តឱ្យទេសចរចូលរួមឱ្យបានច្រើនកុះករក្នុងព្រឹត្តការណ៍នានានៅខេត្តសៀមរាបនាពេលខាងមុខ មានជាអាទិ៍ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន។
នារសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក ZHANG Xiao BO នាយកក្រុមហ៊ុន Hainan Wehua Air Tourism Group និងជាស្ថានតំណាងកម្ពុជាប្រចាំទីក្រុងហៃណាន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ 2024 China-Asean Expo Tourism Exhibition ដែលប្រទេសកម្ពុជាជាប្រទេសកិត្តិយស(Country of honor) នៅទីក្រុងគួយលីន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនៃជំនួប លោករដ្ឋមន្ត្រីបានស្នើដល់លោកប្រធានក្រុមហ៊ុន និងជាស្ថានតំណាងកម្ពុជាប្រចាំទីក្រុងហៃណាន ជួយសហការ និងកៀរគរសារព័ត៌មានល្បីៗ ប្រចាំទីក្រុងហៃណាន ឱ្យមកកម្ពុជា ដើម្បីបានមកទស្សានាឃើញផ្ទាល់នឹងភ្នែក ស្របតាមស្មារតី «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» និងបានស្នើលោកប្រធានក្រុមហ៊ុន ជួយសហការចូលរួមរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) នាថ្ងៃទី២៦-២៧ ខែតុលា នៅខេត្តសៀមរាប។
នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក LIU Hao នាយកក្រុមហ៊ុន Guangxi Sunrise International Travel Service Co., LTD និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អាស៊ាន-ចិន លើកទី១០ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគួយលីន ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
លោករដ្ឋមន្ត្រីបានជំរុញលោកប្រធានក្រុមហ៊ុនជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ឱ្យបានច្រើន និងស្នើលោកប្រធាន មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ និងជំរុញភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបានច្រើន ជាពិសេសនៅក្នុងក្របខណ្ឌ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤។
នារសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក An Xin ប្រធានក្រុមហ៊ុន Tianhe International Travel Service Co., LTD និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យទេសចរណ៍ ក្នុងឱកាសព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍អាស៊ាន-ចិន លើកទី១០ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគួយលីន ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនៃជំនួបនោះ លោករដ្ឋមន្ត្រីបានស្នើលោកប្រធានក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ចដើម្បីទាក់ទាញភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន និងជួយផ្សព្វផ្សាយពីគោលដៅទេសចណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយ ទាំងនៅទីក្រុង Guilin ក៏ដូចជានៅខេត្តក្វាងស៊ីទាំងមូល ព្រមទាំងស្នើឱ្យ លោកនាយកក្រុមហ៊ុន ភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនឯកជនរបស់ប្រទេសកម្ពុជា ដែលចូលរួមព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍អាស៊ាន-ចិន លើកទី១០ ដែលយើងមានក្រុមហ៊ុនចំនួន១៧ ធ្វើដំណើរដោយផ្ទាល់មកពីកម្ពុជាចូលរួមព្រឹត្តិការណ៍នេះ និងបានអញ្ជើញ លោកប្រធានក្រុមហ៊ុន និងសហការី អញ្ជើញទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ និងវិនិយោគកម្ពុជាបន្ថែមទៀត ជាពិសេសលោករដ្ឋមន្ត្រីស្នើឱ្យលោកប្រធានជំរុញប្រជាជនចិនចូលរួមឱ្យបានច្រើនកុះករក្នុងព្រឹត្តការណ៍ធំៗ៣ នៅកម្ពុជា នៅអំឡុងត្រីមាសទី៤ នៅក្នុងក្របខណ្ឌនៃ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»។
ក្នុងនាមជាប្រទេសកិត្តិយស (Country of Honor) លោករដ្ឋមន្រ្តីបានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌ងទេសចរណ៍ចិន ថ្នាក់ដឹកនាំតំបន់ស្វយ័តក្វាងស៊ី ថ្នាក់ដឹកនាំទីក្រុងគួយលីង និងគណៈកម្មការរៀបចំពិព័រណ៍។
ក្នុងសុន្ទរកថាបើក លោករដ្ឋមន្រ្តីបានបញ្ជាក់អំពីសារសំខាន់នៃការចូលរួមព្រឹត្តិការណ៍នេះ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសអាស៊ាននិងចិន និងរវាងប្រមុខរដ្ឋាភិបាលកម្ពុជា-ចិន ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង» ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្ដោតលើវិស័យអាទិភាពចំនួន ៦ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពនិងគុណភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលឆ្នាំ២០២៤ គឺជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន»។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក៏បានយកឱកាសនេះ ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ សភាពការណ៍ពិតនៅកម្ពុជា ស្ថិរភាពនយោបាយ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគនៅកម្ពុជា ព្រមទាំងបានអំពាវនាវដល់ថ្នាក់ដឹកនាំ ភាគីផ្នែកឯកជន និងប្រព័ន្ធផ្សព្វផ្សាយចិនទាំងអស់ ជួយផ្សព្វផ្សាយ កៀរគរទេសចរ និងរៀបចំកញ្ចប់ទស្សនកិច្ចឱ្យបានច្រើនទៅកម្ពុជា ដោយក្រសួងទេសចរណ៍ នឹងផ្តល់ការសម្របសម្រួលឱ្យអស់ពីលទ្ធភាព។
ក្នុងនាមជាប្រទេសកិត្តិយស (Country of Honor) លោករដ្ឋមន្រ្តីបានអញ្ជើញគណៈប្រតិភូជាម្ចាស់ផ្ទះ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទទួលបន្ទុកវិស័យទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូជាច្រើន ទស្សនាស្តង់ក្រសួងទេសចរណ៍ ដែលមានពន្លាទេសចរណ៍ ទំហំ១០៨ម៉ែត្រការ៉េ រៀបចំដោយក្រសួងទេសចរណ៍ ក្រោមការរចនាប្រកបដោយ ភាពស្រស់ស្អាត និងច្នៃប្រឌិត ដោយបានទាក់ទាញចំណាប់អារម្មណ៍ និងការចូលទៅទស្សនាយ៉ាងច្រើនកុះករពីសំណាក់គណៈប្រតិភូ ភ្ញៀវកិត្តិយស និងអ្នកចូលរួមផ្សេងទៀត ក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុង Guilin តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រៅពីនេះ ក៏មានវត្តមានបណ្តាក្រុមហ៊ុននានាចំនួនជាង ១៣០០ស្តង់ អ្នកទិញ និងអ្នកលក់ (Buyers & Sellers) ចំនួន ៥០០នាក់ សារព័ត៌មានចំនួន១០០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ាន និងអ្នកទស្សនាជាង ១០០០០នាក់។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «ទេសចរណ៍ និងសន្តិភាព -Tourism and Peace» ដើម្បីផ្ដោតសំខាន់លើការផ្សារភ្ជាប់រវាងវិស័យទេសចរណ៍ និងសន្តិភាពពិភពលោក ដោយលើកទឹកចិត្តដល់អ្នកធ្វើដំណើរ និងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ ឱ្យធ្វើប្រតិបត្តិការទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។
ក្នុងពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមចំណុះក្រសួង និងស្ថាប័នពាក់ព័ន្ធ, មន្ទីរទេសចរណ៍ ២៥រាជធានី ខេត្ត, អង្គការជាតិ-អន្តរជាតិ ILO, GIZ, IOM, AFD, ADB, SDC, Swisscontact, សមាគមន៍ CCA, CHA, CRA, CTF, CATA, PATA, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ACT, ACAC, PSE, WYTHS, Salabai, Pual Dubrul, RPITSSR, គ្រូបង្គោល អ្នកវាយតម្លៃបង្គោលជាតិ និងអាស៊ាន, លោកគ្រូ អ្នកគ្រូ តំណាងសាកលវិទ្យាល័យទេសចរណ៍, សិស្ស-និស្សិតទេសចរណ៍ និងមន្រ្តីនាយកដ្ឋានរៀបចំសម្របសម្រួលសរុបចំនួន៣០០រូប នៅទីស្តីការក្រសួងទេសចរណ៍។
លោករដ្ឋមន្ត្រីបានថ្លែងថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ នេះ មានគោលបំណងស្វែងយល់ពីចំណុចប្រសព្វនៃទេសចរណ៍ និងការកសាងសន្តិភាពដោយគូសបញ្ជាក់ពីរបៀបនៃការធ្វើដំណើរ ការផ្លាស់ប្ដូរគ្នានូវវប្បធម៌ដ៏សម្បូរបែប និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលរួមចំណែកដល់ការដោះស្រាយជម្លោះ ការផ្សះផ្សា និងការលើកកម្ពស់សន្តិភាពទូទាំងពិភពលោក។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រធានបទនៃទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ គឺពិតជាឆ្លើយតបនឹងសភាពការណ៍ពិភពលោកក្នុងពេលបច្ចុប្បន្ន ដែលកំពុងប្រឈមនឹងឧបសគ្គ ក៏ដូចជាបញ្ហារកាំរកូស ប្រទាក់ក្រឡាគ្នា ដូចជាបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ ជំងឺប្លែកៗ និងបញ្ហាសេដ្ឋកិច្ចជាសកលជាដើម។ កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» ព្រមជាមួយនឹងកេរ្តិ៍ឈ្មោះជាប្រទេសចំណាស់មួយនៅក្នុងពិភពលោក ដែលមានវប្បធម៌ដ៏សម្បូរបែប និងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលគួរជាទីប្រតិព័ទ្ធ និងចំណីអារម្មណ៍ដ៏ស្រស់ស្រាយសម្រាប់ទេសចរណ៍ជាតិអន្តរជាតិ គ្រប់ជាតិសាសន៍ និងគ្រប់វ័យ មកទស្សនាកម្សាន្ត។ ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ ផែនទីចង្អុលផ្លូវនៅក្នុងវិស័យទេសចរណ៍ ( Roadmap in Tourism Sector)។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យើងត្រូវចាប់យកវិស័យទេសចរណ៍គន្លឹះក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិទៅប្រជាជាតិមួយទៀត ពីជាតិសាសន៍មួយទៅជាតិសាន៍មួយទៀត ព្រោះប្រទេសដែលមានសន្តិភាពទើបមានទេសចរទៅកម្សាន្ត ហើយការធ្វើចរាចរណ៍របស់ទេសចរ ជាការបង្កើតឱ្យមានភាពស្និតស្នាល ការរាប់អាន ស្វែងយល់ពីវប្បធម៌ ប្រពៃណី និងមានការស្រលាញ់រាប់អានគ្នា ដែលស្របនឹងពាក្យស្លោកថា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» ដោយយើងត្រូវសហការគ្នាខំប្រឹងទាំងអស់គ្នា ព្រោះ«ប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»៕