(ឧត្តរមានជ័យ)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្តរមានជ័យ និងលោកឧកញ៉ា លឹម ហេង ព្រមទាំងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តជយទឹកជុំ ហៅវត្តអន្លង់វែង និងដាក់បិណ្ឌនៅវត្តចំនួន១៨ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងពិធីកាន់បិណ្ឌវេនទី១២នេះ លោកកិត្តិសង្គហបណ្ឌិត បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ទុកកសាងសមិទ្ធផលនានាក្នុងវត្ត វេរទេយ្យវត្ថុដល់ព្រះសង្ឃ ដើម្បីបង្សុកូល ឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និងញាតិកាទាំង ៧សន្តាន ដែលចែកឋានទៅបរលោក។
ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ លោកកិត្តិសង្គហបណ្ឌិត ក៏បានឆ្លៀតសំណេះសំណាលជាមួយលោកយាយ លោកតា ដោយនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះព្រះសង្ឃ និងលោកយាយ លោកតានៅទូទាំងស្រុកអន្លង់វែង។
លោកកិត្តិសង្គហបណ្ឌិត បានថ្លែងទៅកាន់លោកយាយ លោកតា ដែលបានអញ្ជើញចូលរួមក្នុងពិធីនោះថា ប្រសិនបើគ្មានការដាក់ចេញ និងអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទេនោះច្បាស់ណាស់ថាប្រជាពលរដ្ឋស្រុកអន្លង់វែង មិនអាចគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា និងជំនឿសាសនាដទៃទៀតបានឡើយ។
លោកកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋស្រុកអន្លង់វែង ដែលតែងតែជឿទុកចិត្ត និងគាំទ្រចំពោះការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា។ លោកកិត្តិសង្គហបណ្ឌិត ក៏បានសុំឱ្យប្រជាពលរដ្ឋជឿទុកចិត្តចំពោះការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត គឺសម្តេចនឹងដឹកនាំកម្ពុជាពុះពារជម្នះគ្រប់ឧបសគ្គទាំងអស់ ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងការអភិវឌ្ឍ៕