(ព្រៃវែង)៖ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង អមដំណើរដោយ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្រុមប្រឹក្សា និងគណៈអភិបាលក្រុងព្រៃវែង ក្រុមប្រឹក្សាសង្កាត់ទាំង៤ នៃក្រុងព្រៃវែង ព្រមទាំងក្រុមការងារចុះមូលដ្ឋានក្រុង និងក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង៤ បាននាំយកទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃគង់នៅបណ្តាវត្តទាំង១០ (ក្នុងពិធីកាន់បិណ្ឌទី១១ នៃពិធីបុណ្យភ្ជុំបិណ្ឌ) នៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ៕