(ព្រះវិហារ)៖ នាយឧត្ដមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។
នៅក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងនាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ពិសេសក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ សូមទទួលបាននូវសុខភាពល្អគ្រប់ៗគ្នានិងគ្រប់ក្រុមគ្រួសារ។
ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងនូវការកោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យជាតិ ពិសេសចូលរួមទប់ស្កាត់ការប៉ុនប៉ងរបស់ក្រុមប្រឆាំងមួយក្តាប់តូច ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយះការបំផុសប្រជាពលរដ្ឋឱ្យចូលរួមធ្វើបាតុកម្មកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។
នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក៏បានថ្លែងបញ្ជាក់ផងដែរថា៖អំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលនាំមកប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារនាពេលនេះ គឺក្នុងគោលបំណងបម្រើឱ្យការងារមនុស្សធម៍ដូចជា៖ជួយប្រជាពលរដ្ឋក្រីក្រ អតីតយុទ្ធជន គ្រោះមហន្តរាយ និងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត៕