(កំពង់ធំ)៖ បណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលនិងលោកស្រី ឆាយ ស៊ីណា រួមទាំងក្រុមគ្រួសារ បងប្អូន អញ្ជើញវេនកាន់បិណ្ឌវេនទី១២ នៅវត្តឥន្ទ្រីយ៍សំវរ:ហៅវត្តខេត្តកំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៤។
លោកបណ្ឌិត និងលោកស្រី រួមទាំងក្រុមគ្រួសារបានបូជានូវទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់ និងបានរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីវេរប្រគេនឆ្លងកម្មវិធីបុណ្យ ហើយប្រជាពលរដ្ឋមានឱកាសបានធ្វើបុណ្យទានដូចសព្វថ្ងៃនេះដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភាហើយបន្តវេនដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោកបន្តថាការប្រារព្ធពិធីបុណ្យនេះគឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរយិយមធ្វើតៗគ្នា តាំងពីបុរាណកាលមក ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលជាពុទ្ធសាសនិកជនគប្បីនាំគ្នា ថែរក្សាពិធីបុណ្យ ដែលជាមរតកកេរ្តិ៍ដំណែលវប្បធម៌របស់ដូនតាខ្មែរ ឲ្យបានស្ថិតស្ថេរគង់វង្សតាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ ឲ្យចេះទៅធ្វើបុណ្យទាន នៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ នៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអភិរក្សពិធីបុណ្យប្រពៃណីជាតិនេះកុំឲ្យបាត់បង់។
លោក បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មិនត្រូវមានការធ្វេស ប្រហែសឡើយ និងត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យឱ្យគ្នាទៅ វិញទៅមកក្នុងការធ្វើដំណើរ ដើម្បីសេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នា។
លោកបញ្ជាក់ថាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃនេះ គឺប្រារព្ធធ្វើឡើងដើម្បីបួងសួង ឧទ្ទិសមគ្គផលកុសលផលបុណ្យ ទៅឱ្យមាតា បិតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យ ទៅកើតក្នុងសុគតិភព ដែលប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ នឹងទទួលកុសលផលបុណ្យដែលកូន ចៅបានឧទ្ទិស ទៅឱ្យនោះ។
ក្នុងឱកាសកាន់បិណ្ឌវេនទី១២នេះផងដែរលោកបណ្ឌិត ជីវ កេង និងលោកស្រី ឆាយ ស៊ីណា រួមទាំងបងប្អូនពុទ្ធបរិស័ទបាននាំយកនូវទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃក្នុងវត្ត នោះរួមមាន៖ អង្ករ មី ទឹកបរិសុទ្ធ ទឹកក្រូច និងបច្ច័យសម្រាប់កសាងមួយចំនួនទៀត។
គួសបញ្ជាក់ថាពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជា ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ នៅគ្រប់វត្តអារាម៕