(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឧត្ដមភរិយារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ព្រមទាំងក្រុមគ្រួសារ កូនចៅ និងប្រតិភូ ថ្នាក់ដឹកនាំ សហការីកាកបាទក្រហមកម្ពុជា អាជ្ញាមូលដ្ឋាន និងពុទ្ធបរិស័ទ នៅរសៀលថ្ងៃអាទិត្យ ១២រោច ខែភក្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញសូត្រមន្ដកាន់បិណ្ឌទី១៣ នៅវត្តបទុមវតី រាជវរារាម ហៅកាត់ថា វត្តបទុមវតី ឬ វត្តបទុម រាជធានីភ្នំពេញ។
ក្នុងឱកាសនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាមួយ ក្នុងព្រះពុទ្ធសាសនា និងមហាឧបាសិកា ប៊ុន សាមលេន និងក្រុមគ្រួសារ ព្រមទាំងបុត្រ និងចៅៗ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ។
ក្នុងគោលបំណងដើម្បីឧទ្ទិសដល់ដួងវិញ្ញាណខន្ធ បុព្វការីជន មានមាតាបិតា ញាត្តិការ៧សន្តាន ដែលធ្វើមរណៈកាល ទៅកាន់បរលោក សូមវិញ្ញាណក្ខន្ធ អស់លោកទាំងនោះយោលយោគទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយងាកបែរក្រោយឱ្យពរឱ្យជ័យដល់កូនចៅឱ្យទទួលបានសេចក្តីសុខសប្បាយ គ្រប់ប្រការរកស៊ីមានបាន ត្រជាក់ត្រជុំ ថ្កុំថ្កើនតរៀងទៅ
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម និងក្នុងគោលបំណងដើម្បីឧទ្ទិសដល់ដួងវិញ្ញាណខន្ធ បុព្វការីជន មានមាតាបិតា ញាត្តិការ៧សន្តាន ដែលធ្វើមរណៈកាល ទៅកាន់បរលោក សូមវិញ្ញាណក្ខន្ធ អស់លោកទាំងនោះយោលយោគទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយងាកបែរក្រោយឱ្យពរឱ្យជ័យដល់កូនចៅឱ្យទទួលបានសេចក្តីសុខសប្បាយ គ្រប់ប្រការរកស៊ីមានបាន ត្រជាក់ត្រជុំ ថ្កុំថ្កើនតរៀងទៅ។
ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ សម្រាប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ គឺបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤៕