(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តម្លៃស្រូវនៅឆ្នាំនេះ នៅតែស្ថិតក្នុងកម្រិតធម្មតា និងអាចផ្តល់ប្រាក់ចំណេញដល់កសិករ ពោលគឺមិនទាន់ធ្លាក់រហូតធ្វើឱ្យប្រជាកសិករខាត ដូចការលើកឡើងមួយចំនួនឡើយ។
ការលើកឡើងរបស់ លោក ឃឹម ហ្វីណង់ បន្ទាប់ពីកាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ទាក់ទងនឹងស្រូវធ្លាក់ថ្លៃ ដែលបង្កឱ្យមានក្តីព្រួយបារម្ភ ជុំវិញការធ្លាក់ចុះនៃថ្លៃស្រូវ។
លោក ឃឹម ហ្វីណង់ បានអំពាវនាវដល់ប្រជាកសិករមិនត្រូវភ័យខ្លាច ពីព័ត៌មានទាំងចាស់ និងថ្មី ដែលត្រូវបានយកមកផ្សព្វផ្សាយ ដើម្បីបំពុល បំភ័ន្ត និងបំភ្លៃចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ។
លោកបានគូសបញ្ជាក់ តាមរយៈវីដូឃ្លីបមួយថា «ប្រសិនបើយើងប្រៀបធៀបនឹងខែកញ្ញា ដូចគ្នាកាលពីឆ្នាំកន្លងទៅថ្លៃស្រូវជាធម្យម នៅក្នុងស្ថិតនៅក្នុងកម្រិតធម្មតានៅឡើយ ដែលក្នុងនោះថ្លៃស្រូវសែនក្រអូបខ្ពស់ជាងឆ្នាំមុនបន្តិច ចំណែកឯស្រូវអូអឹម ទាបជាងឆ្នាំមុនបន្តិច។ ទោះបីជាមិនបានថ្លៃខ្ពស់ ដូចករណីពិសេសកាលពីឆ្នាំ២០២៣ក៏ដោយ ប៉ុន្តែក៏នៅតែជាតម្លៃមួយសមរម្យ ដែលកសិករអាចទទួលបាននូវប្រាក់ចំណេញ ហើយនៅតែខ្ពស់ជាតម្លៃស្រូវ កាលពីខែកញ្ញា ឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ផងដែរ»។
ជាមួយគ្នានេះ លោកក៏សង្កេតឃើញមានការធ្លាក់ថ្លៃស្រូវទាបជាថ្លៃមធ្យមផងដែរ នៅកន្លែងមួយចំនួន ទៅតាមកម្រិតនៃគុណភាពស្រូវ ដូចជាករណីស្រូវមិនទាន់ទុំល្អ ស្រូវសើមខ្លាំង ដែលប្រញ៉ាប់ច្រូតកាត់ដោយសារព្រួយបារម្ភអំពីទឹកជំនន់។ ស្រូវប្រភេទនេះ មានតម្លៃទាបជាងស្រូវ ដែលគុណភាពរហូតដល់ទៅ២០%។
យោងតាមតារាងតម្លៃស្រូវរបស់សហព័ន្ធស្រូវកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា បានបញ្ជាក់ថា តម្លៃស្រូវសែនមានតម្លៃប្រមាណ ១ ៤៥០រៀល ខណៈស្រូវអូអឹម មានតម្លៃចន្លោះពី ៩៦០រៀល ដល់ ១ ០២០រៀល ក្នុងមួយគីឡូក្រាម៕