(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និង លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងចែកជូនវត្ថុកំដរដៃ សម្រាប់ចូលរួមភ្ជុំបិណ្ឌ ដល់មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យានិងកម្លាំងការពារសន្តិសុខ ដែលបម្រើការងារនៅក្នុងសាលាខេត្តស្ទឹងត្រែង ។
លោក សរ សុពុត្រា បានបញ្ជាក់ថា ការជួបសំណេះជាមួយមន្ត្រីរាជការ ដែលបម្រើការងារនៅសាលាខេត្ត ក្នុងគោលបំណងសម្ដែងនូវវប្បធម៌ចែករំលែក បង្ហាញការរាក់ទាក់ ស្និទ្ធស្នាល គោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូចគ្រួសារតែមួយ ជាពិសេសក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាប្រពៃណីខ្មែរយើងដ៏ល្អផូរផង់។
ជាការពិតណាស់ថា កន្លងមកនេះមន្ត្រីរាជការ ទាំងក្របខ័ណ្ឌ ទាំងកិច្ចសន្យា បុគ្គលិកហាត់ការ កម្លាំងការពារសន្តិសុខ ដែលបាន ខិតខំប្រឹងប្រែងបម្រើការងារ ទៅតាមតួនាទី ភារកិច្ច និងធ្វើជាសេនាធិការឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដែលជាក្បាលម៉ាស៊ីនដឹកនាំ គ្រប់គ្រងនូវរាល់កិច្ចការទាំងអស់ នៅក្នុងរដ្ឋបាលខេត្ត រហូតទទួលបានលទ្ធផលយ៉ាងល្អ និងមានការកោតសរសើរពីថ្នាក់ជាតិច្រើនឡើងៗ។
លោក សរ សុពុត្រា បានលើកឡើងថា ក្នុងនាមយើងជាមន្ត្រីរាជការ ត្រូវតែមានចិត្តទូលំទូលាយ ម៉ឺងម៉ាត់ ស្មោះត្រង់ ស្អាតស្អំ មិនរើសអើង មានសាមគ្គីភាពផ្ទៃក្នុង និងមានទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរអង្គភាព រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ឱ្យមានភាពរលូន លើការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ អ្វីដែលយើងគប្បីខិតខំយកចិត្តទុកដាក់ពីពេលនេះ និងទៅថ្ងៃខាងមុខនោះ គឺផ្តោតសំខាន់ក្នុងការជម្រុញការបណ្តុះបណ្តាល អភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ពង្រឹងការគ្រប់គ្រងឯកសារ លិខិតស្នាម គោរពច្បាប់វិន័យ លះបង់ភាពអសកម្ម ដើម្បីក្លាយជាកម្លាំងចលករ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ខេត្តរបស់យេីង ឱ្យមានការរីកចម្រេីន។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអធិបាលខេត្តក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ពេលធ្វើដំណើរទៅវត្ត ឬមានដំណេីរកំសាន្ត ក្នុងពេលបុណ្យភ្ជុំបិណ្ឌ សូមជៀសឱ្យផុតពីគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ៕