(កំពង់ធំ)៖ ក្នុងឱកាសភ្ជុំបិណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងចុះសាកសួរសុខទុក្ខអតីតយុទ្ធជន ស្ថិតនៅដីសប្បទានសង្គមកិច្ច និងគេហដ្ឋានថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេរតែងតែយកចិត្តទុកដាក់និងផ្ដល់កម្លាំងចិត្តដល់អតីតយុទ្ធជនដែលពាក់លីកម្មជូនជាតិមេតុភូមិ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានលើកឡើងថា អ្នកជំនាន់ក្រោយ មិនភ្លេចពីគុណបំណាច់ ការធ្វើពលិកម្ម របស់អតីតយុទ្ធជន ជាក់ស្តែងជានិច្ចកាលនៅឱកាសពិធីបុណ្យទានផ្សេងៗ តែងតែចាត់តំណាងនាំយកអំណោយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកាជូនសមាជិក គ្រួសារសមាជិកអតីតយុទ្ធជន នៅតាមមុខព្រួញផ្សេងៗគ្នា។
លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះស្នាដៃ គុណបំណាច់ ពលិកម្ម របស់អតីតយុទ្ធជន ដើម្បីជាតិមាតុភូមិ ការពារ ថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម រយៈពេលកន្លងមក រហូតទទួលបានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្ន ជារៀងដរាបថ្នាក់ដឹកនាំ តែងតែគិតគូរពី សុខទុក្ខ សុខុមាលភាព ការប្រកបមុខរបរចិញ្ចឹមជីវិត របស់សមាជិក គ្រួសារសមាជិក មិនបោះបង់ចោលបងប្អូន ស្ថិតក្នុងស្ថានភាពណាមួយឡើយ ហើយមិនត្រូវតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ ចាត់តាំងក្រុមការងារ ចុះដល់លំនៅដ្ឋាន នាំយកសម្ភារៈ ថវិកា គ្រឿងឧបភោគ បរិភោគជាប្រចាំ។
បន្ថែមលើកិច្ចសំណេះសំណាល, លោកឧត្តមសេនីយ៍ស្នងការ បានផ្ដាំផ្ញើថាដូវរកាលនេះ ជារដូវវស្សា សូមបងប្អូនត្រៀមលក្ខណៈ សម្រាប់ការបង្ករបង្កើនផល ដាំដំណាំ បន្លែផ្លែឈើ ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗដើម្បីជួយសម្រាលចំណាយដោះស្រាយជីវភាពឱ្យកាន់តែប្រសើរឡើង, ថែទាំសុខភាព តាមរយៈការធ្វើអនាម័យ បរិភោគម្ហូបអាហារ ចម្អិនបានល្អ ហូបទឹកស្អាត សម្អាតបរិស្ថាន ជុំវិញគេហដ្ឋានបងប្អូនស្នាក់នៅ។
ឆ្លៀតក្នុងឱកាសនោះ លោកស្នងការបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគរួមមាន៖ ១- អតីតយុទ្ធជនទាំង០៤ គ្រួសារក្នុង០១គ្រួសារទទួលបាន អង្ករទម្ងន់ ៥០គីឡូក្រាម មី ០១កេស ទឹកបរិសុទ្ធ០១កេស និងថវិកា ១០០,០០០រៀល, ២- មេភូមិថវិកា១០០,០០០រៀល, ៣- សមាជិកអតីត យុទ្ធជន២០នាក់ និងកម្លាំងប្រជាការពារ ១០នាក់ ទទួលបានថវិកាសរុប១,៧៥០,០០០រៀលផងដែរ៕