(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីព្រឹទ្ធសភា ព្រមទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រេីនកុះករបានអញ្ជើញចូលរួមបុណ្យភ្ជុំបិណ្ឌនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមាន រយៈ ពេល១៥ថៃ្ង ដោយហៅថាបុណ្យកាន់បិណ្ឌ១, បិណ្ឌ២... និងនៅថៃ្ងបញ្ចប់គឺជាថៃ្ង «ភ្ជុំបិណ្ឌ» ធំតែម្តង។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាអ្នកគោរពប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួននូវពិធីបុណ្យទាំងឡាយ ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ហើយក៏ជាអ្នកទ្រទ្រង់ពិធីបុណ្យទាំងឡាយរបស់ជាតិឱ្យខ្ពស់ត្រដែតឡើងផងដែរ។
ជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែដឹកនាំកូនចៅ សាច់ញាតិ និងមន្ត្រីរាជការខ្មែរ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនៅតាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន។
ជាកិច្ចចាប់ផ្តើមនៃពិធីនាព្រឹកមិញនេះ លោកអាចារ្យ បានដឹកនាំពិធីតាមបែបពុទ្ធសាសនារបស់ខ្មែរ ដោយការនមស្ការព្រះរតនត្រ័យ សមាទានសីល វេរចង្ហាន់ រាប់បាត្រ និងពូនភ្នំខ្សាច់ជាដើម។
ក្នុងឱកាសអញ្ជើញចូលរួមបុណ្យភ្ជុំប្រកបដោយទឹកចិត្តជាសទ្ធាដ៏ជ្រះថ្លានោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បាននាំយកចង្ហាន់ និងទេយ្យទានជាច្រើនប្រគេនព្រះសង្ឃ។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបួងសួង និងឧទ្ទិសមហាកុសលផលបុណ្យទាំងឡាយ កើតចេញពីពិធីកាន់បិណ្ឌនោះ ជូនទៅដល់វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង, លោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាមាតាបិតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន,ឧទ្ទិសចំពោះវិញ្ញាណនក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នក ឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតាមាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ដែលជាប្អូនស្រីបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងជីដូនជីតា និងបុព្វការីជន ដែលបានចែកឋានទៅ។
ក្រៅតែពីឧទ្ទិសកុសលផលបុណ្យជូនទៅដល់ដួងវិញ្ញាណក្ខន្ធដល់មាតាបិតា ប្អូនស្រី និងបុព្វការីជនរបស់ខ្លួនហើយនោះ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានឧទ្ទិសកុសលផលបុណ្យជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស អ្នកស្នេហាជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងបាត់បង់ជីវិតក្នុងពេលប្រទេសជាតិជួបវិបត្តិនៃភ្លើងសង្គ្រាមផងដែរ៕