(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានជនជាតិវៀតណាម ៤៦នាក់ ដែលលួចស្នាក់នៅធ្វើការងារខុសច្បាប់ ត្រូវបានបណ្តេញចេញពីកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ។ នេះបើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក។

ការបណ្តេញ​ចេញធ្វើឡើងតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ក្នុងនោះមានចំនួន ៤២នាក់ (ស្រី១៦នាក់) ដែលពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពត និងចំនួន ៤នាក់ ភេទប្រុស ពាក់ពន្ធ័ករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

បើតាម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​​ Fresh News ឱ្យដឹងថា នៅថ្ងៃទី០៦ ខែតុលា ម្សិលមិញនេះ ក្រៅពីជនជាតិវៀតណាម ៤៦នាក់ ដែលត្រូវបានបណ្តេញចេញ ក៏មានជនបរទេស១៣នាក់ផ្សេងទៀតដែរ ត្រូវបានបណ្តេញចេញក្នុងនោះមានជនជាតិជប៉ុន១២នាក់ និងជនជាតិចិន១នាក់។ កម្ពុជាក៏កំពុងត្រៀមបណ្តេញជនបរទេសដែលធ្វើការខុសច្បាប់ជាង៣០០នាក់ផ្សេងទៀតផងដែរ ដែលក្នុងនោះមានរហូតដល់២០សញ្ជាតិ។ លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា ការបណ្តេញចេញនេះការអនុវត្តតាមច្បាប់ចំពោះជនបរទេសទាំងអស់ដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅកម្ពុជា។

កាលពីខែកញ្ញា កន្លងទៅ កម្ពុជាបានបណ្ដេញជនជាតិវៀតណាមសរុប៨១នាក់ ចេញពីប្រទេស ក្នុងនោះមានជនជាតិវៀតណាម៦០នាក់ (ស្រី១៥នាក់) ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត កាលពីថ្ងៃទី០៦ ខែកញ្ញា និងជនជាតិវៀតណាម ២១នាក់ (ស្រី២នាក់) ពាក់ព័ន្ធករណី បំពានប្រកាសស្តីពីការបណ្តេញចេញ លួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែកញ្ញា៕