(កំពង់ធំ)៖ លោក សាយ គឹមឡ អភិបាលស្រុកស្ទោង បានចាត់ទុកថា ពុទ្ធចក្រ និងអាណាចក្រ ជាកងចក្រមនុស្សធម៌ដ៏មានសក្តានុពល និងមានប្រសិទ្ធភាពបំផុត។
លោក សាយ គឹមឡម បានថ្លែងដូច្នេះ នៅក្នុងឱកាសដែលលោក និងសហការី បានអញ្ជើញទទួលគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់និងបច្ច័យមួយចំនួន ពីព្រះអនុគណស្រុក និងព្រះមន្ត្រីសង្ឃសាលាអនុគណ ស្រុកព្រមទាំងព្រះគ្រូចៅអធិការ លោកអាចារ្យគណៈកម្មការវត្តទាំងអស់ នៅក្នុងស្រុកស្ទោងរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅសាលាស្រុកស្ទោង។
លោកបន្តថា «ទាំងនេះសឲ្យឃើញពីការយកចិត្តទុកដាក់រួបរួមសហការសាមគ្គីគ្នា រវាងពុទ្ធចក្រ និងអាណាចក្រ និងថ្នាក់ដឹកនាំស្រុកស្ទោងជាមួយ ព្រះអនុគណ ព្រះសង្ឃ លោកអាចារ្យគណៈកម្មការ ជាពិសេសព្រះបរិត្តកោសល ណិប អ៊ាន ព្រះអនុគណស្រុកស្ទោង និងជាព្រះចៅអធិការវត្តឃ្លាំងខ្មូត ដែលព្រះអង្គតែងតែគិតគូរយកព្រះទ័យទុកដាក់សហការ ដឹកនាំបានល្អព្រមទាំងឧបត្ថម្ភ នូវគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់ និងបច្ច័យយ៉ាងច្រើនសន្ធឹកសន្ធាប់ជាមួយរដ្ឋបាលស្រុកស្ទោងកន្លងមក»។
លោកបានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះបរិត្តកោសល្យ ណិប អ៊ាន ព្រះអនុគណស្រុក និងព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោង ព្រមទាំងព្រះគ្រូចៅអធិការ លោកអាចារ្យគណៈកម្មការវត្តគ្រប់វត្តក្នុងស្រុកស្ទោង ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់ទំនុកបម្រុងព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទចំណុះជើងវត្ត បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាសាលារៀន ស្ពាន ថ្នល់ ជាមួយអាជ្ញាធរក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ការចូលរួមកិច្ចការ មនុស្សធម៌ជាមួយរដ្ឋបាលស្រុកស្ទោងកន្លងមកជាពិសេសការយកនូវគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់និងបច្ច័យមួយចំនួនធំមកឧបត្ថម្ភដល់រដ្ឋបាលស្រុកស្ទោងសម្រាប់ធ្វើកិច្ចការមនុស្សធម៌ជាមួយប្រជាពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ ឬជួបឧបទ្ទវហេតុផ្សេងៗ នៅក្នុងមូលដ្ឋាននៅពេលនេះ។
សូមបញ្ជាក់ថា ការចូលរួមឧបត្ថម្ភនៅពេលនេះ គឺមានគ្រឿងឧបភោគបរិភោគព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនធំនិងបច្ច័យចំនួន ៥,៤៨៩,៥០០រៀលផងដែរ៕