(កោះកុង)៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅខេត្តកោះកុង ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការការពារជំងឺគ្រុនឈាម និងបង្កើនការប្រុងប្រហយ័ត្នខ្ពស់ពីជំងឺដ៏កាចសាហាវនេះ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានឱ្យដឹងថា រយៈពេល៥ខែនេះ ខេត្តកោះកុងមានការផ្ទុះឡើងមានការផ្ទុះជំងឺគ្រុនឈាម១៩៦ករណី តែមិនធ្ងន់ធ្ងរទេប៉ុន្តែក្នុង១៩៦ករណីបានកើតជំងឺគ្រុនឈាមដែលបណ្តាលឱ្យស្លាប់កុមារម្នាក់ ទោះបីយ៉ាងណាមន្រ្តីសុខាភិបាលគ្រប់គ្រងព្យាបាលប្រកបដោយប្រសិទ្ធភាព។
គិតត្រឹមថ្ងៃទី៨ តុលានេះ ខេត្តកោះកុងដែលជាខេត្តមួយនៅភាគនីរតិនៃប្រទេសកម្ពុជា រកឃើញអត្រាអ្នកកើតជំងឺគ្រុនឈាមចំនួន១៩៦ករណី ដោយកុមារម្នាក់រស់នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ បានបាត់បង់ជីវិតព្រោះអាការៈធ្ងន់ធ្ងរពេក ដោយសារឪពុកម្តាយមានការយឺតយ៉ាវបញ្ជូនមកកាន់តែមន្ទីរពេទ្យ។
វេជ្ជបណ្ឌិត ទៅ ម៉ឹង គូសបញ្ជាក់នៅថ្ងៃទី៨ ខែតុលានេះថាមន្ទីររបស់លោក និងអាជ្ញាធរខេត្តក្រុងសង្កាត់ បានរួមគ្នាធ្វើយុទ្ធនាការចុះដាក់ថ្នាំអាបែតដល់លំនៅដ្ឋានពលរដ្ឋតំបន់ដែលងាយប្រឈាមនៃការកើតជំងឺគ្រុនឈាម និងផ្សព្វផ្សាយអប់រំយល់ដឹងបន្ថែមទៀតអំពីការទប់ស្កាត់អោយបានទាន់ពេលវេលា។
បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បញ្ជាក់ថា ជំងឺគ្រុនឈាម ភាគច្រើនបង្កឡើងពីម៉ូសខ្លាទៅលើកុមារតូចៗហើយឈឺធ្ងន់ធ្ងរដោយសារតែអង់ទីគ័រខ្សោយជាងមនុស្សចាស់ៗដោយមើលឃើញពីបញ្ហាប្រឈមនេះ លោកវេជ្ជបណ្ឌិត ក៏ជំរុញដល់ពលរដ្ឋគ្រប់រូបត្រូវយល់ឲ្យបានច្បាស់ការអប់រំពីមន្ត្រីជំនាញសុខាភិបាល គឺត្រូវថែទាំសុខាបោសជុំវិញទីលំនៅដ្ឋានសម្អាតស្មៅ សំបកឡានចាស់ និងថ្លុកទឹកឱ្យស្អាតល្អ ដើម្បីលុបបំបាត់ជម្រកសត្វមូសខ្លាអោយអស់។
លោកប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង អះអាងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោកសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល និងលោកស្រី មិថុនា ភូថង អភិបាលខេត្ត បានដាក់ចេញនូវគោលនយោបាយផ្នែកសុខាភិបាលជាអាទិភាពសំខាន់ៗពិសេសគឺកត្តាអប់រំយល់ដឹងដល់ប្រជាពលរដ្ឋ ទើបវិស័យនេះត្រូវបានលើកកម្ពស់ និងធ្វើឱ្យពលរដ្ឋមានសុខភាពមាំមួនក្នុងមូលដ្ឋាន។
គួរជម្រាបថា មូលដ្ឋានខេត្តកោះកុង ជាសំណាងល្អមួយដែលមានអត្រាកើតជំងឺគ្រុនឈាមតិចតួច បើធៀបនឹងចំនួនប្រជាពលរដ្ឋសរុប១៥ម៉ឺននាក់។
តំណាងពលរដ្ឋអ្នកស្រី ខៀវ សុខុន និងលោក សំ វិចិត្រ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ សូមអរគុណដល់រដ្ឋបាលខេត្ត និងក្រុមមន្រ្តីសុខាភិបាលពាក់ព័ន្ធដែលបានចុះមកដាក់ថ្នាំអាបែតតាមខ្នងផ្ទះរបស់ពួកគាត់ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាម។
តំណាងពលរដ្ឋដដែលលើកឡើងថា ពួកគាត់ពិតជាបារម្ភណាស់ដែរពីជំងឺគ្រុនឈាម តែទន្ទឹមនឹងការបារម្ភពួកគាត់បានធ្វើអនាម័យជុំវិញលំនៅដ្ឋានជាប្រចាំដោយមិនអោយមានស្មៅដុះច្រើនជុំជិត ពេលគេងត្រូវក្នុងមុង ពិសារទឹកឆ្អិន និងលុបបំបាត់ជម្រកសត្វខ្លាផងដែរ។ ចំពោះថ្នាំអាបែតដែលផ្តល់ដោយមន្រ្តីសុខាភិបាល ពួកគាត់នឹងយកទៅដាក់តាមការណែនាំក្នុងពាង ឬអាងទឹកនីមួយៗហើយធ្វើការផ្សព្វផ្សាយបន្តជូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រយាលឲ្យមានការប្រុងប្រយ័ត្នឲ្យខ្ពសចំពោះជំងឺគ្រុនឈាម៕