(កំពង់ចាម)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលការប្រមូលទិញស្រូវ និងតម្លៃស្រូវជាក់ស្តែងរបស់កសិករលក់ ឲ្យរោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែង ស្ថិតនៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
ការអញ្ជើញចុះពិនិត្យមើលតម្លៃស្រូវលក់ផ្ទាល់ របស់លោកបណ្ឌិត កៅ ថាច ខណៈពេលដែលថ្មីៗនេះ មានព័ត៌មានពីតម្លៃស្រូវធ្លាក់ថ្លៃ ចុះតាមតំបន់មួយចំនួន ប៉ុន្តែផ្ទុយទៅវិញ តាមការចុះមកពិនិត្យជាក់ស្តែងគឺ នៅរោង ម៉ាស៊ីន ភូមិយើង រោងម៉ាស៊ីន យូ ឃីម និងរោងម៉ាស៊ីនសេកមាស តម្លៃស្រូវកសិករលក់ឲ្យរោងម៉ាស៊ីន ស្រូវ OM5451 មានតម្លៃចន្លោះ ពី១០៥០ ទៅ១១០០រៀល ក្នុង១គីឡូក្រាម ស្រូវស្រងែ ថ្លៃចន្លោះ ពី១១១០ ទៅ១១៥០រៀល ក្នុង១គីឡូក្រាម ស្រូវសូម៉ាលីចន្លោះពី ១២៥០ ទៅ១៣០០រៀល គឺស្រូវដែលមានគុណភាព ហើយសរុបជារួមតម្លៃ នៅមានស្ថេរភាពល្អនៅឡើយ បើធៀបនឹងតម្លៃមុនពិធីបុណ្យភ្ជុំបិណ្ឌ ជាពិសេសស្រូវសែនក្រអូប តម្លៃល្អ នឹងមានតម្រូវការច្រើនលើទីផ្សារ។
សំរាប់តម្លៃស្រូវនៅថ្ងៃទី៩ ខែតុលានេះ តម្លៃរោងម៉ាស៊ីន សេកមាស និងរោងម៉ាស៊ីនផ្សេងទៀត ទិញពីកសិករតម្លៃចន្លោះ ពី១១០០រៀល ទៅ១១៥០រៀល ស្រូវស្រង៉ែ សែនក្រអូបចន្លោះ ១៣៤០ ទៅ១៣៦០រៀល និងស្រូវសូម៉ាលី ចន្លោះ ពី១២៥០ ទៅ១២៩០រៀល ក្នុង១គីឡូក្រាម គឺស្រូវមានគុណភាពល្អ ដែលតម្លៃនេះ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។
យោងតាមរោងម៉ាស៊ីន មូលហេតុដែលកសិករមួយចំនួនលក់ស្រូវ មានតម្លៃថោក គឺអាស្រ័យលើគុណភាពស្រូវ ការប្រើប្រាស់ពូជមិនសុទ្ធ និងពេលវេលាក្នុងការច្រូតកាត់ មិនទាន់ពេល ធ្វើឲ្យស្រូវទុំខ្លាំង ឬស្រូវសើមជាដើម។ ជាមួយគ្នានេះ ក៏ជាពេលវេលាដ៏ល្អ ដែលកសិករយើង បាននឹងត្រៀមខ្លួន ក្នុងការប្រមូលផលស្រូវវស្សា នៅពេលខាងមុខនេះ។
សម្រាប់សង្វាក់ផលិតកម្មរបស់រោងម៉ាស៊ីនកិនស្រូវខាងលើ គឺមានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ មកពីក្រៅប្រទេស ដែលមានសមត្ថភាពកិន និងកែច្នៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេសបាន មិនចាញ់រោងម៉ាស៊ីនប្រទេសជិតខាងនោះទេ៕