(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យគណៈប្រតិភូសាធារណរដ្ឋកូរ៉េ រួមមានលោក Yoon Young-joong ប្រធាន Rotary Club និង លោក Lee Daehee ព្រមទាំងសហការី ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក Yoon Young-joong ប្រធាន Rotary Club និងសហការី ដែលដឹកនាំដោយ លោក ចៅ ភិរិទ្ធ នាពេលនេះ ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងនូវការអរគុណចំពោះវត្តមាន Rotary Club ដែលបានខិតខំបង្កេីតនូវជំនួយមនុស្សធម៌នានាកន្លងមក ដូចជាការសាងសង់អាគារមណ្ឌលសុខភាព ឃុំឈេីទាល។ បច្ចុប្បន្នកំពុងដំណេីរការសាងសង់អាគារមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំបន្ថែមទៀត សម្រាប់បម្រេីឲ្យវិស័យសុខមាលភាពបងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ និងគណៈប្រតិភូសាធារណរដ្ឋកូរ៉េ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈ DK Maternal & Child Health Center ផងដែរ៕