(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងដោយចាត់ទុក ការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយ ក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលឃុំ-សង្កាត់នីមួយៗ។
ការថ្លែងរបស់លោកអភិបាលខេត្តព្រះវិហារបែបនេះ ក្នុងឱកាសអញ្ជើញជួបពិធីសំណេះសំណាល ជាមួយមេឃុំ ចៅសង្កាត់ នៃសាលាសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរពាក់ព័ន្ធ ព្រមទាំងសមាជិក សមាជិកា ជាច្រើនរូបទៀត នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោក គីម រិទ្ធី បានកោតសរសើរចំពោះ រដ្ឋបាលឃុំ សង្កាត់ប៉ាលហាល និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ នាពេលកន្លងមក ក្នុងការលើកកម្ពស់គណនេយ្យភាព និងតម្លាភាព នៅក្នុងការអនុវត្ដការងាររបស់ខ្លួនជាប្រចាំ និងសហការជាមួយសមត្ថកិច្ច និងប្រជាពលរដ្ឋ ដើម្បីអនុវត្ដឲ្យសម្រេចបានជោគជ័យនូវរាល់គោលនយោបាយនានា របស់រាជរដ្ឋាភិបាល ពិសេសជំរុញការចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។
លោកបញ្ជាក់ថា ការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយ ក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានា របស់រដ្ឋបាលឃុំសង្កាត់នីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយផ្តោតការយកចិត្តទុកដាក់ចុះមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋ សាកសួរសុខទុក្ខ ស្តាប់បញ្ហាប្រឈម និងសំណូមពរ ជួយដល់ពួកគាត់ឲ្យអស់ពីសមត្ថភាព រួមទាំងការផ្តល់សេវាសាធារណៈ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោកបានណែនាំឲ្យយកចិត្ដទុកដាក់ អនុវត្ដឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានា របស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខឲ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីឲ្យការងារទាំងឡាយនៅក្នុងសង្កាត់ទទួលបានជោគជ័យ៕