(ស្វាយរៀង)៖ ប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិព្រហារ និងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ បានសំណូមពរសុំឲ្យអាជ្ញាធរ ស្រុកស្វាយជ្រំ ក៏ដូចជាមន្ទីរពាក់ព័ន្ធ និងអភិបាលខេត្តស្វាយរៀង មេត្តាចុះមកពិនិត្យ និងផ្តល់ស្ពានថ្មមួយ ជំនួសស្ពានឈើ ដែលទ្រុឌទ្រោមរបើកក្តាប្រហោងធំៗ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ទៅប្រកបមុខរបរ និងដឹកកសិផល ជាពិសេសពេលសមាជិកគ្រួសារមានជំងឺ ឬស្រ្តីឆ្លងទន្លេ ត្រូវទៅមណ្ឌលសុខភាពពេលយប់ ដោយស្ពានចាស់ទ្រុឌទ្រោមខ្លាំង ហានិភ័យអាចគ្រោះថ្នាក់ជាយថាហេតុ។
ប្រជាពលរដ្ឋបានឲ្យដឹងថា អ្នកភូមិមានការព្រួយបារម្ភ អំពីសុវត្ថិភាព ក្នុងការធ្វើដំណើរឆ្លងកាត់លើស្ពានឈើមួយនេះ ដោយស្ពានឈើនេះដែរ មានអាយុកាលជាង៤០ឆ្នាំមកហើយ កាលពី១០ឆ្នាំមុន ប្រជាពលរដ្ឋបានរៃលុយកាក់គ្នា ដើម្បីជួសជុលស្ពាននេះឡើងវិញ ដោយបានដូរសរសរ ថែមរនូតនិងដាក់ក្តាក្រាលស្ពាន។
រហូតមកដល់បច្ចុប្បន្ន ស្ពានឈើមួយនេះកាន់តែចាស់ទ្រុឌទ្រោមខ្លាំង ជាពិសេសនៅរដូវវស្សានេះព្រួយបារម្ភ ពីសុវត្ថិភាពពេលធ្វើដំណើរឆ្លងកាត់ដូចជាម៉ូតូ ម៉ូតូរ៉ឺម៉ក គោយន្ត ឆ្លងកាត់ស្ពានញ័រ រគើប្រហោងក្តា របើកធំៗ ជាពិសេសពេលមានភ្លៀងទឹកជនលិចខ្លាំង ទឹកហូកាត់ស្ពានខ្លាំង ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ភ័យខ្លាចផុងជើងម៉ូតូ ម៉ូតូរ៉ឺម៉ក គោយន្តសណ្តោងរ៉ឺម៉ក ឆ្លងកាត់ខ្លាចផុងជើងកង់ក្រឡាប់ធ្លាក់ទៅក្នុងទឹកព្រែកគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរ។
ប្រជាពលរដ្ឋលើកឡើងថា ស្ពានឈើនេះមានប្រវែងប្រមាណជិត២០ម៉ែត្រ ទទឹងជាង៣ម៉ែត្រ ចាស់ទ្រុឌទ្រោម សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាពិនិត្យដោះស្រាយ សាងសង់ស្ពានថ្មមួយ ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួល និងមានសុវត្ថិភាព៕