(ត្បូងឃ្មុំ)៖ អគារសិក្សាថ្មី ដែលជាអគារបរិស្ថាន បានសាសង់ជិតរួចរាល់ជាស្ថាពរ សម្រាប់សិស្សានុសិស្ស ដែលអាចចូលរៀន បាននៅក្នុងបវេសនកាល ឆ្នាំសិក្សាថ្មីខាងមុខនេះ នៅវិទ្យាល័យ ហេងសំរិន ចក នៅក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មីនេះ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា អគារសិក្សាថ្មី នៅវិទ្យាល័យ ហេង សំរិន ចក គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់ សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ចក សម្រាប់ការសិក្សា ដើម្បីក្លាយជាយុវជន មានចំណេះដឹង ចំណេះធ្វើ មានគុណធម៌ ដើម្បីជាអ្នកបន្តវេនដ៏ល្អនាពេលអនាគត។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា អគារសិក្សាថ្មីនេះ មានភាពខុសប្លែកពីគេ មានលក្ខណៈជាខ្មែរ ហើយគិតគូរជាពិសេសលើបរិស្ថាន ទាញយកពន្លឺធម្មជាតិយកមកប្រើប្រាស់ លំហូរខ្យល់អាកាសធម្មជាតិ ចេញចូលល្អ បំពាក់នូវសម្ភារប្រើប្រាស់ ដោយថាមពលកកើតឡើងវិញ បំពេញបន្ថែមដោយការដាំដើមឈើ ថ្នាលបណ្តុះកូនឈើ សួនច្បារ ដែលផ្តល់នូវភាពស្អាត បៃតង ដើម្បីលើកកម្ពស់សុខុមាលភាពរបស់សិស្សានុសិស្សនៅក្នុងការសិក្សារៀនសូត្រ។
សូមបញ្ជាក់ថា អគារសិក្សាថ្មី បានសាងសង់ឡើង តាមរចនាបទបែបខ្មែរទំនើប ក្រោមគំនិតផ្តួចផ្តើម របស់លោកបណ្ឌិត អ៊ាងសុផល្លែត ដើម្បីចូលរួមចំណែកក្នុងការបណ្តុះណ្តាល និងកសាងធនធានមនុស្ស សម្រាប់កូនចៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ អគារសិក្សាថ្មីនេះ កម្ពស់២ជាន់ មានចំនួន ១៦បន្ទប់ (ជាន់ផ្ទាល់ដី ៨បន្ទប់ និងជាន់លើចំនួន ៨បន្ទប់) បានចាប់ផ្តើមបើកការដ្ឋានសាងសង់ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
គម្រោងសាងសង់អាចបញ្ចប់ នៅក្នុងខែតុលា ឆ្នាំ២០២៤នេះ។ តាមផែនការ អគារសិក្សាថ្មីនេះនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន នៅក្នុងខែមករា ឆ្នាំ២០២៥ ខាងមុខ៕