(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៨ តុលា ២០២៤ ត្រូវបានបញ្ចប់ជាស្ថាពរ នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញវីដេអូសារថ្លែងអំណរគុណ ជូនគណៈមេប្រយោគ អប្បមាទ ប្រធានមណ្ឌល អនុរក្ស និងអ្នកពាក់ព័ន្ធនានា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ (បាក់ឌុប)។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)៕
ការប្រឡងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមាន មុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា និងភាសាបរទេស។ ថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា និងភាសាបរទេស។
នៅថ្ងៃទី០៩ ខែតុលា ២០២៤ សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមាន មុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមរួមមាន មុខវិជ្ជា៖ គណិតវិទ្យា, សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ៕