(ក្រចេះ)៖ គ្រាប់ស្រូវពូជចំនួន៦០០តោន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចែកជូនដល់បងប្អូនប្រជាកសិករចំនួន៦១១៩គ្រួសារ ក្រុងស្រុកចំនួន៥ នៃខេត្តក្រចេះ ដែលបានរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ដើម្បីដាំស្តារឡើងវិញឱ្យបានទាន់ពេលវេលា។ ជំនន់ទឹកទន្លេមេគង្គនិងជំនន់ទឹកភ្លៀងកាលពីខែកញ្ញា កន្លងទៅនេះ បានបំផ្លាញដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះចំនួន៥៨៧២ហិកតា និងដំណាំផ្សេងៗទៀត។
សកម្មភាព នៃការចែកពូជស្រូវជូនប្រជាពលរដ្ឋដើម្បីដាំស្តារឡើងវិញនេះ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី៦ ខែតុលា តាមបណ្តាឃុំនៃស្រុកនានារបស់ខេត្តក្រចេះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១០ ខែតុលា នៅក្នុងភូមិសាស្ត្រ ស្រុកព្រែកប្រសព្វដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងរដ្ឋបាលខេត្តក្រចេះ អាជ្ញាធរពាក់ព័ន្ធ ដើម្បីបងប្អូនប្រជាកសិករទទួលបានគ្រាប់ពូជស្រូវបានឆាប់រហ័ស និងអាចយកទៅដាំស្តារ ឡើងវិញបានទាន់ពេលវេលា។
ក្នុងពិធីចែកស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៣២៥ គ្រួសារនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាកសិករ និងបានដាក់ចុះនូវវិធានការអន្តរាគមន៍ នានាដើម្បីជួយប្រជាកសិករដែលរងគ្រោះដោយគ្រោះធម្មជាតិ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញការសោកស្តាយចំពោះគ្រោះធម្មជាតិនេះ និងបានលើកទឹកចិត្តដល់បងប្អូនប្រជាកសិករក្នុងខេត្តក្រចេះ បន្តខិតខំប្រឹងប្រែងដាំស្តារឡើងវិញនូវដំណាំស្រូវរបស់ខ្លួន ឱ្យបានទាន់ពេលវេលាជាមួយគ្រាប់ពូជស្រូវដែលរាជរដ្ឋាភិបាលផ្តល់ជូន។
ជាមួយគ្នានេះ លោកបានផ្តាំផ្ញើបងប្អូនប្រជាកសិករសូមអនុវត្តតាមបច្ចេកទេសកសិកម្ម ដែលមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានផ្សព្វផ្សាយ និងណែនាំជូនពីការប្រើប្រាស់គ្រាប់ពូជស្រូវដាំដុះ ឱ្យបានទិន្នផលខ្ពស់៕