(ភ្នំពេញ)៖ អ្នកនាង ម៉ាក សែនសូនីតា ហៅតូតា ដែលជាតារាសម្តែងភាពយន្តមានឈ្មោះបោះសំឡេង បានបើកសម្ពោធហាងលក់គ្រឿងអល័ង្ការ សាខាទី២របស់ខ្លូនជាផ្លូវការ នៅផ្សារទំនើប TK avenue ទួលគោក បន្ទាប់ទទួលបានការគាំទ្រពីអតិថិជន ដោយហាងនេះមានគ្រឿងអល័ង្ការថ្មីៗច្រើនម៉ូតយ៉ាងសម្បូរបែប។
ពិធីបើកសម្ពោធ ហាង អល័ង្ការ តូតា បានប្រព្រឹត្តិទៅ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅផ្សារទំនើប TK avenue ទួលគោក ដោយមានការចូលរួមយ៉ាងអធិកអធមពី សិល្បករល្បីៗ កំពូលអ្នកលក់អនឡាញយ៉ាងច្រើន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ប្រកបដោយបរិយាកាសសប្បាយរីករាយ ព្រមទាំងមានការបង្ហាញម៉ូត ពីសំណាក់តារាខ្មែរ និងបរទេសផងដែរ។
ម្ចាស់ហាងរូបស្អាត អ្នកនាង ម៉ាក សែនសូនីតា បានសម្តែងក្តីរីករាយយ៉ាងក្រៃលែង ដែលបានបើកសម្ពោធជាផ្លូវការនូវហាងគ្រឿងអល័ង្ការ ដែលមានយីហោ អល័ង្ការ តូតា (ALANGKA TOTA) ។ ជាស្ត្រីម្នាក់ ក៏ដូចជាស្ត្រីទូទាំងពិភពលោក អ្នកនាងឯកភាពថា អល័ង្ការធ្វើឱ្យជីវិតកាន់តែស៊ីវីល័យ និងភាពជឿជាក់ ដូចនេះហើយទើប ALANGKA TOTA បានសម្រិតសម្រាំងម៉ូតស្អាតៗ ម៉ូតទាន់ឆ្នាំ ទាន់សម័យកាល ពីគ្រប់ជាងទងដែលមានស្នាដៃល្អបំផុត និងគ្រឿងអល័ង្ការទាន់សម័យពីបរទេស មកបំពាក់លើដងខ្លួនដ៏សែនស្អាតរបស់លោកអ្នក។
ស្វាមី អ្នកនាងតូតា គឺលោក ប៉ុល វិបូ លើកឡើងថា បើទោះបីជា ស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ដែលធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មមួយចំនួន ប៉ុន្តែការលក់គ្រឿងអល័ង្ការ នៅហាងអល័ង្ការតូតា គឺនៅតែមានដំណើរល្អ ដោយសារមានគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់វ័យ ទាំងនៅមកហាងផ្ទាល់ និងបញ្ជាទិញតាមអនឡាញ។ ការគាំទ្រនេះ ដោយហាងអល័ង្ការនេះ បានផ្តោតជាចម្បងទៅគុណភាព សេវាកម្មល្អ និងការច្នៃម៉ូត ពីជាងជំនាញៗ៕