(ស្វាយរៀង)៖ លោកស្រី ឡងឌី សាន់ណារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកស្វាយទាប ខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់អ្នកកម្សត់ខ្សត់ខ្សោយ ក្នុងភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ចំនួន ១០គ្រួសារ។
អ្នកកម្សត់ខ្សត់ខ្សោយ ទទួលបានឃីត ១កញ្ចប់ រួមមាន អង្ករ ១០គីឡូក្រាម មុង១ ភួយ១ សារ៉ុង១ ក្រមា១ សាច់ក្រក ១ខ្សែ មី ១កេស និងត្រីខ ផងដែរ។ ក្នុងនោះ មាន ១គ្រួសារ ដែលមានកូនពិការ ក៏ទទួលបានរទេះពិការ១ ផងដែរ ដែលជាអំណោយរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
នាឱកាសនោះ លោកស្រី ឡងឌី សាន់ណារ៉ា បាននាំការផ្តាំផ្ញើ និងសួរសុខទុក្ខ ពីលោកស្រី ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តស្វាយរៀង និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ។
នារដូវវស្សានេះដែរ លោកស្រី ឡងឌី សាន់ណារ៉ា ក៏បានស្នើដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន ថែរក្សាសុខភាព និងស្លៀកសម្លៀកបំពាក់ឲ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕