(រតនគិរី)៖ លោក សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការតំណាងលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តរតនគិរី នៅសាលប្រជុំអគារ(D)សាលាខេត្តរតនគិរី ។
បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់លោក ញ៉ែម សំអឿន មក,លោក សូ ខនឬទ្ធីគុណ បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធចូលរួមសហការជាមួយមន្ទីរជំនាញ ឲ្យកាន់តែប្រសើរថែមទៀត ដើម្បីផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាពស្របតាមគោលនយោបាយរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ និងការផ្តល់សេវាគាប់ចិត្ត ជូនដល់ប្រជាពលរដ្ឋ។
លោក សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការ បានផ្ដល់នូវអនុសាសន៍មួយចំនួនក្នុងការជំរុញការអនុវត្តការងារឲ្យបានកាន់តែប្រសើរ មានប្រសិទ្ធិភាព ស្របតាមទិសដៅ នៃយុទ្ទសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដូចជា៖
* ជម្រុញការលើកទឹកចិត្តជូនដល់មន្ត្រីដែលខិតខំបំពេញការងារ
* ជម្រុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ
* ជម្រុញការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងចុះបញ្ជីដីរដ្ឋឲ្យបានចប់
* ជម្រុញការចែកបណ្ណជូនប្រជាពលរដ្ឋ
* ជម្រុញការដោះស្រាយវិវាទដីធ្លី
* ជម្រុញការធ្វើប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីទូទាំងខេត្ត
* ជម្រុញការគ្រប់គ្រងសំណង់ ទប់ស្កាត់សំណង់សាងសង់គ្មានលិខិតអនុញ្ញាត សំណង់លើដីសាធារណៈរបស់រដ្ឋ និងសំណង់សាងសង់ខុសលិខិតអនុញ្ញាត
* ជម្រុញការធ្វើបច្ចុប្បន្នភាព ទីតាំងលំនៅឋានបណ្តោះអាសន្ននៅលើដីសាធារណៈ និងដីឯកជនរបស់រដ្ឋ
* ជម្រុញការគិតគូរដល់ប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ និងអតីតកងកម្លាំងប្រដាប់អាវុធ តាមរយៈការធ្វើសម្បទានដីសង្គមកិច្ច។
លោក សូ ខនឬទ្ធីគុណ បន្ថែមថា រាល់ដំណើរការកំណែទម្រង់ត្រូវធ្វើឱ្យបានខ្លាំងស្រុះដៃគ្នា និងកាន់តែទទួលបានផ្លែផ្កា ដោយអនុវត្តតាមអភិក្រមរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាតិ «ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព» ដើម្បីដោះស្រាយនូវកង្វល់ និងការថ្នាំងថ្នាក់របស់ប្រជាជន ព្រមទាំងបង្កើនជំនឿ និងការគាំទ្ររបស់ប្រជាជន នៅគ្រប់ផ្នែកគ្រប់ថ្នាក់ នៅមូលដ្ឋានឱ្យមានលក្ខណៈទូលំទូលាយ ស៊ីជម្រៅ និងដាច់ខាត។
ត្រូវធ្វើជាគំរូ ធ្វើពីលើចុះក្រោម និងពីក្រោមឡើងលើព្រមគ្នាឱ្យក្លាយជាចលនារួមដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាល ក្នុងនោះថ្នាក់លើត្រូវ ធ្វើគំរូដល់ថ្នាក់ក្រោម ចាត់ទុកការកែទម្រង់ គឺជាការងាររបស់យើងទាំងអស់គ្នា ដែលត្រូវអនុវត្តដោយភ្ញាក់រលឹក និងទទួលខុសត្រូវខ្ពស់ ដើម្បីធានាការផ្តល់សេវាឱ្យកាន់តែប្រសើរឡើងជូនប្រជាជន និងវិស័យឯកជន ក៏ដូចជាកិច្ចសហការអភិវឌ្ឍលើគ្រប់វិស័យ៕