(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈបញ្ជាការឯកភាព នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណោះសំណាលបំពាក់ឋានន្តរស័ក្កិ និងគ្រឿងឥស្សរិយយស និងផ្ដល់អំណោយជូនយោធិនចូលសោធននិវត្តន៍ចំនួន ២៩រូប របស់តំបន់ប្រតិបត្តិការសឹករងព្រៃវែង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងយោធិនជាច្រើនទៀតរូបផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដល់យោធិនចូលសោធននិវត្តន៍ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី និងអំណោយដ៏ថ្លៃថ្លាជូនយោធិនចូលសោធននិវត្តន៍ ដែលក្នុងមួយម្នាក់ទទួលបាន ក្រម៉ាចំនួន២ សារ៉ុងចំនួន១ ភេសជ្ជៈ ចំនួន៣កេស អង្ករចំនួន១ការ៉ុង និងថវិកាចំនួន៥០ម៉ឺនរៀល។
លោក សួន សុម៉ាលីន បានឡើងថា ការជួបជុំថ្ងៃនេះ គឺជាឱកាសប្រកបដោយអត្ថន័យ និងមនោសញ្ចេតនាបំផុតដែលបានជួបសំណេះសំណាលផ្ទាល់ជាមួយយោធិនចូលសោធននិវត្តន៍ ចំនួន២៩រូប របស់តំបន់ប្រតិបត្តិការសឹករងព្រៃវែង ព្រមជាមួយនឹងការចូលរួមអបអរសាទរចំពោះការទទួលបាននូវការបំពាក់ឋានន្តរស័ក្កិនិងគ្រឿងឥស្សរិយយស ទាំងនេះ គឺពិតជាស័ក្តិសមទៅនឹងពលិកម្មគ្រប់បែបយ៉ាង គុណបំណាច់ និងស្នាដៃរបស់យោធិនចូលនិវត្តន៍ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ ដើម្បីប្តូរយកសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន។
ក្នុងឱកាសនោះលោកអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណ និងសម្តែងនូវកតញ្ញូតាធម៌ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងយកចិត្តទុកដាក់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់អតីតយុទ្ធជន យោធិនចូលនិវត្តន៍និងក្រុមគ្រួសារ យោធិនពលីមរណៈ តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតីថវិកា និងសម្ភាររួមទាំង ការដោះស្រាយរាល់ការលំបាកផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ដែលបានចាប់ផ្តើមចេញពីចំណុចសូន្យ រហូតទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចពេលបច្ចុប្បន្ននេះ។
បន្ថែមលើសពីនេះ លោកសួន សុម៉ាលីន បានណែនាំ និងអំពាវនាវ ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តលើកកម្ពស់ រួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ សាមគ្គីជាតិ ឯកភាពជាតិ បន្តគិតគូរពីសុខទុក្ខអតីតយុទ្ធជននៅតាមមូលដ្ឋាន បន្តបញ្ចូល ជាសមាជិកអ្នកចូលនិវត្តន៍ថ្មីៗ លើកកម្ពស់ការឧបត្ថម្ភគាំទ្រ គ្រប់មធ្យោបាយ ដល់មិត្តអតីតយុទ្ធជនមានទុក្ខលំបាក និងបន្តផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋឱ្យបានកាន់ ចំគោលដៅឆាប់រហ័ស និងតម្លាភាព បន្តអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕