(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងយុទ្ធវិធី និងយុទ្ធដំណើរទ័ព ជូននាយទាហាន នាយទាហានរង និងពលទាហាន ដែលបានហ្វឹកហាត់អស់រយៈពេល៩១ថ្ងៃ តាមផែនការហ្វឹកហ្វឺនរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងផែនការរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ប្រចាំឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោកវរសេនីយ៍ទោ អ៊ូ ឆេងកន មេបញ្ជាការរង ទទួលបន្ទុកការងារហ្វឹកហ្វឺន និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន បានឡើងរាយការណ៍ការអំពីលទ្ធផលហ្វឹកហ្វឺន រយៈពេល៩១ ថ្ងៃកន្លងទៅនេះ ដែលមានសិក្ខាកាមចូលរួមហ្វឹកហាត់ចំនួន ១០០នាក់ ដោយឡែកក្នុងពេលយុទ្ធដំណើរទ័ព មានសិក្ខាកាមរួមជាមួយនឹងកងកម្លាំងបន្ថែម នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សរុបចំនួន១៨០នាក់ ។ ក្នុងការហ្វឹកហាត់រយៈពេល ៩១ថ្ងៃ សិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន២៥នាក់ ស្មើនឹង២៥% និទ្ទេសល្អបង្គួរចំនួន ៥០នាក់ ស្មើនឹង ៥០% និងនិទ្ទេសមធ្យមចំនួន ២៥នាក់ ស្មើនឹង២៥%។
លោកនាយចំណង់ ឈួន រ៉ុម តំណាងសិក្ខាកាមទាំងអស់ បានឡើងចាប់អារម្មណ៍ និងប្ដេជ្ញាចិត្តស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ការពារប្រជាជន និងថែរក្សាការពារឲ្យបានសុខសន្តិភាព ដែលកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត។
នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះគណៈកម្មការគ្រប់គ្រងវគ្គ ក្រុមគ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ព្រមទាំងកងកម្លាំងបន្ថែមក្នុងការចូលរួមយុទ្ធដំណើរទ័ព ដែលបានប្រឹងប្រែងខិតខំពួកពាគ្រប់បែបយ៉ាងក្នុងការហ្វឹកហ្វឺនរៀនសូត្រពង្រឹងកាយសម្បទារឹងមាំ បំប៉នចំណេះដឹងផ្នែកយុទ្ឋវិធី លំហាត់របៀប និងពង្រឹងវិន័យតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ តាមខ្លឹមសារមេរៀនដែលបានដាក់ចេញទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួនជូនដល់យោធិនទាំងអស់ ក្រោយពេលវឹលត្រឡប់ទៅកាន់អង្គភាពវិញ ត្រូវបន្តចូលរួមអនុវត្តភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិបន្តទៅទៀត ឲ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ។
ជាមួយនោះដែរត្រូវបន្តត្រៀមបម្រុងកម្លាំងអន្តរាគមន៍ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ឲ្យទាន់ពេលវេលានឹងត្រូវចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ៕