(សៀមរាប)៖ ជាង១ឆ្នាំ ដើមអាណត្ដិទី៧ នៃរដ្ឋសភា លោកសាស្ដា្រចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ហាក់មិនបន្ធូរដៃទាល់តែសោះ លើគ្រប់ការងារ រួមទាំងការបណ្ដុះបណ្ដាល ណែនាំអប់រំ និងចុះទៅពិនិត្យមើលការងាររបស់មន្ដ្រីរបស់ខ្លួនដោយផ្ទាល់ មិនថានៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់រាជធានី-ខេត្ដ និងថ្នាក់ស្រុកប្រតិបត្ដិទូទាំងប្រទេស។ ហើយនៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បន្ទាប់ពីលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី អញ្ជើញជាអធិបតី បើកទិវាវិទ្យាសាស្រ្តឆ្នាំ២០២៤ នៅខេត្ដសៀមរាម លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានឆ្មក់ចូលមើលដំណើរការការងាររបស់មន្ដ្រីខ្លួន នៅមណ្ឌលសុខភាពខ្ចាស់ នៃខេត្ដសៀមរាប ហើយថែមទាំងឱ្យប្រតិភូអមដំណើរ សាកល្បងចុះទៅទទួលសេវាសុខភាពផងដែរ។
ក្នុងឱកាសលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំម្នាក់ បានដើរតួជាអ្នកជំងឺទៅទទួលការបម្រើសេវាពិនិត្យសុខភាព ដើម្បីជាការពិនិត្យស្ថានភាពជាក់ស្តែងដោយផ្ទាល់ និងសង្កេតមើលពីដំណើរការបម្រើសេវា ទាំងការទទួលភារកិច្ចប្រចាំការ២៤ម៉ោង ទាំងការបដិសណ្ឋារកិច្ច អនាម័យ និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ជាពិសេសសមត្ថភាពផ្នែកបច្ចេកទេសនៃការផ្តល់សេវា។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឱ្យដឹងថា ការចុះមកនេះដើម្បីដឹងជាក់ច្បាស់ពីការអនុវត្ដន៍ការងារដោយផ្ទាល់ផង និងចង្អុលបង្ហាញជាក់ស្ដែងផង ពីការងារដែលបុគ្គលិកត្រូវអនុវត្ដ បន្ទាប់ពីលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ដែលបានបណ្ដុះបណ្ដាលបុគ្គលិកជារៀងរាល់សប្ដាហ៍តាមប្រព័ន្ធអនឡាញ។
តាមរយៈការចុះមកដោយផ្ទាល់ លោកសាស្ដ្រាចារ្យ ក៏បានផ្តល់ជូនជាព័ត៌មានត្រលប់ អំពីចំណុចកង្វះខាតដែលជាគន្លឹះសំខាន់ៗ ក្នុងការនាំមកនូវការបម្រែបម្រួលកាន់តែល្អ អំពីប្រសិទ្ធិភាពការងារ ជាពិសេសគឺនឹងនាំមកនូវ ការសាទរ ពេញចិត្តពេញថ្លើម ពីបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ។
ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា បានសង្កត់ធ្ងន់លើ ៣ចំណុច ដូចជា៖
១៖ សុឆន្ទៈទទួលខុសត្រូវខ្ពស់ របស់ប្រធានមណ្ឌល, ភាពរវាសរវៃ (willingness with attentive and vigilant capabilities),
២៖ សមត្ថភាពចុះសង្កេតទៀងទាត់ និងពិនិត្យឱ្យដល់ជម្រៅ និងគ្រប់ទិដ្ឋភាពនៃដំណើរការសេវា (regular and in-depth observation) ពីកម្រិតដឹកនាំបន្តបន្ទាប់ កម្រិតស្រុកប្រតិបត្តិ-មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលចូលរួមបញ្ជាក់ដោយកម្រិតដឹកនាំនៃក្រសួងសុខាភិបាល,
៣៖ សមត្ថភាពនៃភាពជាអ្នដឹកនាំគ្រប់កម្រិតលើការថែរក្សា-សន្សំធនធាន និងប្រើប្រាស់ធនធាន ឱ្យបានសុក្រឹតបំផុត រាប់ទាំងមូលធនមនុស្ស ទាំងសម្ភារៈបរិក្ខារ ទាំងសំណង់អគារ (appropriate and optimal way of managing, preserving human capital and all available means)។
សូមជម្រាបថា ចាប់តាំងពីលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា ទទួលបានសេចក្ដីទុកចិត្ដពីរាជរដ្ឋាភិបាលអាណត្ដិទី៧ នៃរដ្ឋសភា, រដ្ឋមន្ដ្រីដ៏សកម្មរូបនេះ បានដឹកនាំការងារប្រកបដោយបុរសសកម្ម ស្ទើរតែមិនសម្រាកនោះឡើយ ទោះជាថ្ងៃបុណ្យទានធំៗក៏ដោយ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យប់ឬថ្ងៃ។ ជាក់ស្ដែងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ បន្ទាប់ពីដាក់ការងារជូនមន្ដ្រីក្រោមឱវាទហើយ ថែមទាំងបន្ដចុះពិនិត្យការងារដោយខ្លួនតាមមន្ទីរពេទ្យមួយចំនួន ដែលបង្ហាញពីការរួមសាមគ្គីគ្នាជាមួយកូនចៅ ក្នុងការបម្រើប្រជាពលរដ្ឋ ដែលជាផ្នែកមួយធានាថា ទោះពលរដ្ឋយើងមានបញ្ហាសុខភាពអ្វីក៏ដោយ គឺមន្ដ្រីសុខាភិបាលនៅតែរង់ចាំទទួលពិនិត្យ ថែទាំ និងព្យាបាល ២៤ម៉ោងលើ២៤ម៉ោង៕