(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា បន្តកិច្ចសហការជាមួយក្រសួងអប់រំ និងស្ថាប័ននានា ដើម្បីអាចជំរុញគុណភាពអប់រំនៅកម្ពុជាបន្តទៀត ឱ្យកាន់តែមានភាពប្រកួតប្រជែង ដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា យើងត្រូវការធនធានមនុស្សដែលមានជំនាញដើម្បីអាចទាក់ទាញការវិនិយោគបន្ថែមទៀត ដូចនេះកម្ពុជាបានដាក់ចេញនូវគោលនយោបាយក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ប្រជាជនក្រីក្រប្រមាណ ១លាន៥សែននាក់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូចនេះនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអនុញ្ញាតឱ្យ លោក Katsuhiro SHINOHARA ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។
សម្តេចតេជោ បានកត់សម្គាល់ថា ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ពុំធ្លាប់ទទួលបាននូវសុខសន្តិភាពណាយូរជាងពេលនេះនោះទេ។ ឆ្នាំនេះជាខួបទី២៦ នៃសន្តិភាពទាំងស្រុង និងពេញលេញនៅកម្ពុជា ដែលគ្មានការបែងចែកទឹកដី គ្មានការបែងចែកកម្លាំងប្រដាប់អាវុធ ក៏ប៉ុន្តែមានគណបក្សនយោបាយផ្សេងៗ។ ចាប់តាំងពីឆ្នាំ១៩៩៨មក រហូតមកដល់ពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាបានស្ថិតនៅក្នុងសុខសន្តិភាព ស្ថិរភាព មានការឯកភាពជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ កងទ័ពតែមួយ ព្រះមហាក្សត្រតែមួយ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូន លោក SHINOHARA អំពីការលះបង់របស់សម្ដេចក្នុងការផ្ទេរអំណាចទៅដល់អ្នកបន្តវេនជំនាន់ក្រោយ ដែលជាការប្តូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរយៈពេលយូរអង្វែង។ សម្ដេចតេជោបន្តថាបច្ចុប្បន្នរាជរដ្ឋាភិបាលថ្មី សម្រេចបានលទ្ធផលដ៏ល្អប្រសើរជាងការរំពឹងទុក និងកំពុងបន្តឆ្ពោះទៅមុខដោយភាពជឿជាក់ ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍។
សម្តេចតេជោ ហ៊ុន សែន និងលោក SHINOHARA ក៏បានពិភាក្សាគ្នាផងដែរអំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនៅប្រទេសជប៉ុន ហើយបានឯកភាពគ្នាអំពីសង្គតិភាពរបស់គោលនយោបាយការបរទេសជប៉ុនចំពោះកម្ពុជា។ លោកបានកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់របស់សម្តេចក្នុងការជំរុញសន្តិភាពនៅក្នុងតំបន់និងជុំវិញពិភពលោកផងដែរ៕