(កំពង់ស្ពឺ)៖ ដើម្បីអបអរសាទរទិវាមនុស្សចាស់ជាតិនិងអន្តរជាតិ ១ តុលា ២០២៤ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចុះសំណេះសំណាល និងពិនិត្យព្យាបាលប្រជាពលរដ្ឋវ័យចាស់ដែលមានអាយុ៦០ឡើងទៅ ចំនួន២០៦នាក់ ស្រី១៣៥នាក់ នៅឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។
លោក កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអនុប្រធានគណៈកម្មាធិការជាតិដើម្បីមនុស្សចាស់ ជាសមាជិកកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានប្រតិបត្តិទទួលបន្ទុកជនបង្គោលផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ២៨សាខារាជធានី-ខេត្ត និងសកលវិទ្យាល័យ បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិដើម្បីមនុស្សចាស់ ក្នុងទិវាមនុស្សចាស់ជាតិនិងអន្តរជាតិ ថ្ងៃទី១ តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល»។
លោក លេង ផាលី បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលតែងតែគិតគូរពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសមនុស្សមានវ័យចំណាស់។
ឆ្លៀតក្នុងឱកាសអបអរសាទរទិវាមនុស្សចាស់ជាតិនិងអន្តរជាតិ ថ្ងៃទី១ តុលា ឆ្នាំ២០២៤ លោក លេង ផាលី បានបញ្ចូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាល និងជូនថ្នាំពេទ្យដែលជាអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនដល់ពួកគាត់ដោយឥតគិតថ្លៃ ដើម្បីឱ្យពួកគាត់មានសុខភាពល្អ អាយុយឺនយូរជាង១០០ឆ្នាំ។
កម្មវិធីនេះ មានការចូលរួមពីលោក ចែម សារីម ប្រធានក្រុមប្រឹក្សាស្រុក លោក ចេម សាវ័ន អភិបាលរងស្រុក តំណាងលោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់ ក្រុមការងារចុះមូលដ្ឋានឃុំហោងសំណំអាជ្ញាធរឃុំ-ស្រុក ដែលពាក់ព័ន្ធ។ រីឯក្រុមការងារគ្រូពេទ្យមានលោក ភឿន កុសល លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក្រុមគ្រូពេទ្យការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ស្ពឺ និងក្រុមការងារគ្រូពេទ្យនៃសាកលវិទ្យាល័យចេនឡា សរុប២៥នាក់ ស្រី១៥នាក់។
មនុស្សចាស់ចូលរួមក្នុងទិវានេះបានទទួលអំណោយជាឃីតមួយកញ្ចប់ រួមមាន មី១០កញ្ចប់ ទឹកផ្លែឈើ២កំប៉ុង ទឹកបរិសុទ្ធ១ដប ចំណាយថវិកា៣,១៩០,០០០រៀល ដែលជាការឧបត្ថម្ភរបស់លោក កែរ រដ្ឋា និងនំប៉័ងម្នាក់ៗ២ដើម ចំណាយថវិកា៤០០,០០០រៀល ដែលជាការឧបត្ថម្ភរបស់លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី៕