(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការណ៍ដែលសម្ដេចជួយដោះស្រាយបញ្ហាស្ងាត់ៗ ឬផ្ដល់គោលការណ៍លើបញ្ហាមួយចំនួននោះ មិនមែនសម្ដេចទៅដណ្ដើមការងាររបស់មន្ត្រីរាជការតាមក្រសួង-ស្ថាប័ននោះទេ ប៉ុន្ដែដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងបញ្ចប់បញ្ហាឱ្យបានលឿន។
ការបញ្ជាក់បែបនេះរបស់សម្ដេចបវរធិបតី ដោយសារមានការមតិរិះគន់ថា សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីធ្វើតែការងារតូចៗ ដណ្ដើមការងាររបស់មន្ត្រីតាមក្រសួង-ស្ថាប័ន ឬក៏ចុះជួបប្រជាពលរដ្ឋគ្រាន់តែសម្ដែងជាដើម។ ពួកគេថែមទាំងថា នាយករដ្ឋមន្ត្រីគួរតែដាក់គោលនយោបាយធំៗ ដើម្បីទុកឱ្យមន្ត្រីរាជការតាមក្រសួង-ស្ថាប័នជាអ្នកអនុវត្ត។
ឆ្លើយតបនឹងការរិះគន់ទាំងនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សម្ដេចបវរធិបតីបានបញ្ជាក់ថា ការណ៍ដែលសម្ដេចជួយដោះស្រាយបញ្ហាស្ងាត់ៗ ឬផ្ដល់គោលការណ៍លើបញ្ហាមួយចំនួននោះ គឺមិនមែនសម្ដេចទៅដណ្ដើមការងាររបស់មន្ត្រីរាជការតាមក្រសួង-ស្ថាប័នដូចពាក្យរិះគន់នោះទេ ប៉ុន្ដែដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងបញ្ចប់បញ្ហាឱ្យបានលឿន។
សម្ដេចថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមិនដណ្ដើមការងាររបស់ឯកឧត្តម លោកជំទាវនោះទេ ខ្ញុំមានតែលើកទឹកចិត្តឱ្យធ្វើ ពេលខ្លះខ្ញុំជួយគឺដើម្បីឱ្យជួយខ្ញុំវិញ, ការងាររបស់យើងទាំងអស់គ្នា គឺជួយប្រទេសជាតិ ជួយប្រជាជនរបស់យើង»។
ជាការកត់សម្គាល់របស់សម្ដេចបវរធិបតី រដ្ឋមន្ត្រីទាំងឡាយសុទ្ធតែបានចុះដោះស្រាយបញ្ហាតាមវិស័យរៀងៗខ្លួន ដូចជា រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងពាណិជ្ជ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អគ្គទេសាភិបាលធនាគារជាតិជាដើម។
ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តបន្ថែមដល់បណ្ដារដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមក្រសួង-ស្ថាប័នសូមបន្តចុះអនុវត្តការងារ ដោះស្រាយបញ្ហាដែលប្រឈម តាមដាន ត្រួតពិនិត្យការងារតាមវិស័យរបស់ខ្លួនជាប្រចាំ ពីព្រោះរាជរដ្ឋាភិបាលទាំងមូលត្រូវជួយគ្នាកសាងប្រទេសជាតិ ជួយប្រជាជន ជួយគាំទ្រដល់វិស័យឯកជនបង្កើតការងារដល់ប្រជាពលរដ្ឋ៕