(ភ្នំពេញ)៖ ក្នុងបេសកកម្មដឹកនាំក្រុមការងារចុះពិនិត្យ និងស្វែងយល់ អំពីវឌ្ឍនភាពនៃដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការពង្រឹងយន្តការគ្រប់គ្រង និងបែងចែកឱសថសារវន្ត នៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ, លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្ដប់សុខភាពជាសាកលនៅកម្ពុជា បានថ្លែងថា ពលរដ្ឋដែលមកពីគ្រួសារមានបណ្ណសមធម៌, គ្រួសារមានបណ្ណងាយរងហានិភ័យ និងក្រុមគោលដៅមួយចំនួនទៀត សរុបប្រមាណ ៥លាននាក់ បាននឹងកំពុងទទួលបានការពិនិត្យ និងព្យាបាលជំងឺ នៅមូលដ្ឋានសុខាភិបាលសាធារណៈនានា នៅទូទាំងប្រទេស ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស។
លោកបណ្ឌិតបានលើកឡើងថា ក្នុងចំណោមពលរដ្ឋចំនួនប្រមាណ ៥លាននាក់ខាងលើនេះ, ពលរដ្ឋដែលមានជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ក៏កំពុងទទួលបានការថែទាំជាប្រចាំ តាមរយៈការពិនិត្យសុខភាព និងទទួលបានថ្នាំថែទាំសុខភាព ដោយមិនគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈនានា នៅទូទាំងប្រទេស ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស ផងដែរ។
លោកបណ្ឌិត ចន ណារិទ្ធ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយថាមពល និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើនថវិកាក្នុងការទិញឱសថសម្រាប់ជំងឺទាំងពីរប្រភេទខាងលើ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកជំងឺ ជាពិសេសកុំឱ្យពួកគាត់ធ្វើដំណើរមកបើកថ្នាំនៅមន្ទីរពេទ្យញឹកញាប់ពេក ដែលនេះក៏បានរួមចំណែកដល់ការសន្សំថវិកាសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់អ្នកជំងឺបានមួយផ្នែកផងដែរ៕