(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ពាណិជ្ជកម្មសេរី ត្រូវតែមានការនាំចេញ និងនាំចូល, គេអនុគ្រោះយើង យើងអនុគ្រោះគេ ហើយកុំខ្លាចការប្រកួតប្រជែង ព្រោះវានឹងធ្វើឱ្យយើងកាន់តែរឹងមាំ។ សម្ដេចបវធិបតី បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។
សម្ដេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា សម្ដេចធ្លាប់បានលឺគេចោទជាសំណួរថា ប្រទេសយើងក្រ យើងទៅចូលនៅក្នុងសមាគមន៍ WTO ធ្វើអី? ប្រកួតម៉េចឈ្នះគេ? យើងមិនបិទទ្វាការពារឧស្សាហកម្មយើងសិនទៅ! ឱ្យខ្លាំងសិនចាំយើងបើកទ្វា។ ហេតុអីយើងមិនពង្រឹងខ្លួនឯងសិនចាំទៅលេងជាមួយគេអ្នកខ្លាំង?
សម្ដេចមហាបវធិបតី បានឆ្លើយតបនឹងសំណួរខាងលើ យ៉ាងដូច្នេះថា៖ «បានខ្ញុំថាអាហ្នឹងដូចហាត់ក្បាច់គុននៅក្នុងផ្ទះចឹង យើងហាត់ស្អាតណាស់ ឡូយណាស់ តែយើងមិនចេញទៅប្រកួតជាមួយគេ យើងបានបទពិសោធន៍មកពីណា? […] ការប្រកួតប្រជែងដោយការពង្រឹងខ្លួនឯងនៅក្នុងសមរភូមិពានិជ្ជកម្ម គឺទាល់តែពង្រឹងសមត្ថភាពផ្ទៃក្នុងរបស់យើង ហើយការដាក់ទិសដដៅរបស់យើងក្នុងការបើកទីផ្សារនេះ មិនមែនគ្រាន់តែបើកទីផ្សារធំទេ ប៉ុន្តែត្រូបង្កើនស្តង់ដារ ព្រោះយើងនាំផលិតផលរបស់យើងដែលមានស្តង់ដារខ្ពស់ ទាមទារឱ្យយើងមានសមត្ថភាព អ្នកផលិតក្នុងស្រុកត្រូវមានស្តង់ដារ។ អីចឹងយើងខំពង្រឹងប្រើប្រាស់បច្ចេកវិទ្យា ទាំងស្តង់ដារផ្សេងៗដើម្បីបំពេញ ដែលធ្វើឱ្យខ្លួនយើងកាន់តែរឹងមាំ ធ្វើឱ្យសមត្ថភាពវិស័យឯកជនរបស់យើង រដុ្ឋរបស់យើងក៏កាន់តែរឹងមាំ ក្នុងរដ្ឋក៏ត្រូវពង្រឹង ព្រោះកាលមុនយើងសេដ្ឋកិច្ចផែនការ រហូតដល់ឆ្នាំ៩០ជាង ដោយយើងចាប់ផ្ដើមបើក ហើយពេលដែលយើងចាប់ផ្ដើមចូលទៅ WTO ការងារមួយចំនួនយើងត្រូវពង្រឹងផ្នែកនិយ័តកម្មរបស់យើង ច្បាប់របស់យើង ដើម្បីឱ្យស្របទៅនឹងច្បាប់អន្តរជាតិ ដើម្បីពង្រឹងខ្លួនឯងនេះឯង។ អីចឹងបានផលទាំងអស់ ទាំងរដ្ឋ ទាំងវិស័យឯកជន ទាំងប្រជាពលរដ្ឋ ដើម្បីយើងសមាហរណកម្មខ្លួនយើងពេញ នេះហើយជាលទ្ធផលដែលយើងទទួលបាននូវការរីកចម្រើនរបស់យើង»។
សម្តេចបវរធិបតី បានបញ្ជាក់យ៉ាងច្បាស់ៗថា ការសម្រេចចូលរួមជាសមាជិករបស់ WTO ជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ហើយការអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺជាព្រឹត្តិការណ៍ដ៏មានសារ:សំខាន់ជាប្រវត្តិសាស្ត្រ ដើម្បីឆ្លុះបញ្ចាំងនូវចក្ខុវិស័យ និងដើម្បីរំលេចនូវសមិទ្ធផលនានា ដែលកើតចេញពីរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្ម សេដ្ឋកិច្ច ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។
សូមបញ្ជាក់ថា អង្គការពាណិជ្ជកម្មពិភពលោក WTO គឺជាអង្គការរដ្ឋាភិបាលមួយដែលបានយកចិត្តទុកដាក់លើបទបញ្ញត្តិនៃពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសនីមួយៗ។ អង្គការពាណិជ្ជកម្មពិភពលោក បានបង្កើតឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៥ ក្រោមកិច្ចព្រមព្រៀងម៉ារ៉ាកេស ដោយមានការចុះហត្ថលេខាដោយប្រទេសចំនួន១២៣ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៤។ អង្គការពាណិជ្ជកម្មពិភពលោក ដែលហៅកាត់ថា WTO ក៏ជាអង្គការសេដ្ឋកិច្ចអន្តរជាតិធំជាងគេបំផុតនៅលើពិភពលោកផងដែរ៕